សម្តេចតេជោ ហ៊ុន សែន នឹងចងក្រងជាកាតព្វកិច្ច សម្រាប់ការមើលសុខទុក្ខរបស់កម្មករ-កម្មការិនី
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងចងក្រងជាកាតព្វកិច្ច សម្រាប់ការមើលសុខទុក្ខរបស់កម្មករ-កម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ មានរហូតទៅដល់ ៦០ភាគរយ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន បានបន្តសួរសុខទុក្ខដល់កម្មករ-កម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេស កម្មការិនីមានផ្ទៃពោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែមពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំឱ្យមានការចងក្រងជាកាតព្វកិច្ចតែម្ដង សម្រាប់ការមើលសុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ ខណៈវិស័យនេះ មានរហូតទៅដល់ ៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះ ត្រូវបន្តពង្រីកឥតឈប់ឈរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

