ព្រះអង្គម្ចាស់ Harry យាងដល់តុលាការទីក្រុងឡុងដ៍ ក្នុងសុំណុំរឿង ជាមួយអ្នកកាសែត
ឡុងដ៍៖ ព្រះអង្គម្ចាស់ Harry មកដល់តុលាការទីក្រុងឡុងដ៍ នៅក្នុងសុំណុំរឿង ប្តឹងផ្តល់ជាមួយអ្នកកាសែត។ ព្រះអង្គម្ចាស់ Harry បានយាងទៅដល់តុលាការក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ សប្តាហ៍នេះ ដើម្បីផ្តល់ភស្តុតាងក្នុងសំណុំរឿងរបស់ព្រះអង្គ ប្រឆាំងនឹងអ្នកបោះពុម្ពផ្សាយកាសែតអង់គ្លេស សម្រាប់ការប្រមូលព័ត៌មានខុសច្បាប់។
ព្រះអង្គម្ចាស់ Harry ដែលមានព្រះជន្ម ៣៨ព្រះវស្សាអង្គនេះ គឺជារាជវង្សដំបូងគេ ចាប់តាំងពីឆ្នាំ ១៨៩០ ដែលយាងទៅចូលរួម ក្នុងសំណុំរឿងតុលាការ ដោយផ្តល់សក្ខីកម្មប្រឆាំងនឹងកាសែត Mirror Group Newspapers។
នៅក្នុងការតស៊ូផ្លូវច្បាប់ចុងក្រោយបង្អស់ របស់ព្រះអង្គ ជាមួយនឹងសារព័ត៌មាន បុត្រាពៅរបស់ស្តេច Charles III អង្គនេះ និងអ្នកដែលមានឋានៈខ្ពស់ផ្សេងទៀតបានចោទប្រកាន់កាសែត Mirror Group Newspapers ពីសកម្មភាពខុសច្បាប់ រួមទាំងការលួចស្តាប់ទូរស័ព្ទ។
ដំណើរយាងរបស់ព្រះអង្គម្ចាស់ Harry ត្រូវបានមើលឃើញថា មានប្រព័ន្ធផ្សព្វផ្សាយ ផ្តិតយករូបភាព និងរងចាំលទ្ធផល នៅខាងក្រៅតុលាការ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត