ការបំផ្លាញព្រៃឈើនៅ Amazon របស់ ប្រេស៊ីលធ្លាក់ចុះ

ប្រេស៊ីលីយ៉ា ៖ ការកាប់បំផ្លាញព្រៃឈើនៅតំបន់ Amazon (អាម៉ាហ្សូន ) របស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះជិត ១០% នៅក្នុងខែឧសភា។

ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះ ស្ទើរតែ ១០% នៅក្នុងខែឧសភា ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ទិន្នន័យបឋមរបស់រដ្ឋាភិបាលប្រេស៊ីល បានបង្ហាញ កាលពីថ្ងៃពុធ សប្តាហ៍នេះ ខណៈដែលរដ្ឋបាលប្រធានាធិបតី ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារ។

ទិន្នន័យផ្លូវការពីទីភ្នាក់ងារស្រាវជ្រាវអវកាស បានបង្ហាញថា ៨១២ គីឡូម៉ែត្រការ៉េ ត្រូវបានកាប់បំផ្លាញ នៅតំបន់ Amazon របស់ប្រេស៊ីល កាលពីខែមុន ខណៈដែល កាលពីខែឧសភា ឆ្នាំ២០២២ មានជាង ៩០០គីឡូម៉ែត្រការ៉េ ដែលបានរាយការណ៍ កាលពីឆ្នាំមុន។

លោក Lula ក្នុងពេលចូលកាន់តំណែង កាលពីថ្ងៃទី ១ ខែមករា ដោយសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅតំបន់ Amazon បន្ទាប់ពីមានការបំផ្លិចបំផ្លាញជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Jair Bolsonaro ។

អតីតប្រធានាធិបតីស្តាំនិយមរូបនេះ បានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន កាត់បន្ថយការផ្តល់មូលនិធិ និងបុគ្គលិកនៅទីភ្នាក់ងារសំខាន់ៗ ខណៈដែលលោកបានអំពាវនាវឱ្យមានការដាំដុះ និងការជីកយករ៉ែបន្ថែមទៀតនៅលើដីការពារ។

នៅឆ្នាំនេះ រហូតដល់ចុងខែឧសភា ការឈូសឆាយដីនៅតំបន់ Amazon បានធ្លាក់ចុះ ៣១% បើធៀបនឹងរយៈពេលប្រាំខែដូចគ្នា នៃឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវអវកាស ហៅកាត់ថា (Inpe) ដដែលនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner