អាល្លឺម៉ង់ ត្រៀមធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់អង្គការណាតូ
បែរឡាំង៖ នៅសប្តាហ៍ក្រោយប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់អង្គការណាតូ។ សមយុទ្ធនេះនឹងមានយន្តហោះមកពីប្រទេសសមាជិកចំនួនរហូតដល់ទៅ ២៥០ គ្រឿង ហើយសមយុទ្ធនេះផងដែរ ធ្វើឡើងក្នុងគោលបំណងត្រៀមខ្លួនដើម្បីធ្វើការឆ្លើយតបទៅនឹងការវាយប្រហារណាមួយទៅលើសមាជិករបស់អង្គការមួយនេះ។
សមយុទ្ធនេះទៀតសោត ក៏អាចនឹងបង្កការរំខានខ្លះដល់កាលវិភាគជើងហោះហើររបស់អាកាសចរណ៍ស៊ីវិល និងបង្កើតសំឡេងរំខានផងដែរ។ទន្ទឹមនេះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្ររបស់អង្គការណាតូ ដែលធ្វើឡើងដើម្បីបង្ហាញទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តផ្ទាល់និងសត្រូវដែលមានសក្តានុពលនៅក្នុងតំបន់ដូចជារុស្ស៊ីជាដើម។ នេះបើយោងតាមការលើកឡើងកាលពីថ្ងៃពុធ របស់មន្ត្រីអាល្លឺម៉ង់ និងអាមេរិក។
សមយុទ្ធនេះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយមានកងកម្លាំងចូលរួមសរុបចំនួនប្រមាណ ១០០០០ នាក់ និងយន្តហោះ ២៥០ គ្រឿងមកពីបណ្ដាសមាជិកចំនួន ២៥ ប្រទេស។ គួរដឹងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងកម្លាំងជើងអាកាសចំនួន ២០០០ នាក់ និងយន្តហោះប្រហែលជា ១០០ គ្រឿង ដើម្បីចូលរួមក្នុងសមយុទ្ធនេះដែលនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ២៣ ខែមិថុនា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោកស្រី អាមី ហ្គូម៉ានស៊ី (Amy Gutmannshe) បានលើកឡើងថា «វាជាព្រឹត្តិការណ៍ដែលបង្ហាញឱ្យឃើញពីភាពរហ័សរហួននៃកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូរបស់យើង។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ ប្រសិនបើមេដឹកនាំពិភពលោកណាម្នាក់មិនបានកត់សម្គាល់ពីស្មារតីនៃសម្ព័ន្ធភាពនេះ ដែលមានន័យថា វាគឺជាភាពរឹងមាំ និងស្វាហាប់ដ៏អស្ចារ្យមួយ»។ លោកស្រីបន្ថែមថា «ហើយមេដឹកនាំពិភពលោកនោះ ក៏រាប់បញ្ចូលទាំងលោក ពូទីន ផងដែរ»។
យ៉ាងណាក៏ដោយ យោធាអាល្លឺម៉ង់បានព្រមានថា សមយុទ្ធទ័ពអាកាសដ៏ធំនេះ នឹងប៉ះពាល់ដល់ប្រជាជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៅតំបន់អឺរ៉ុប។ ឧត្តមសេនីយឯកនៃកងទ័ពអាកាសអាល្លឺម៉ង់ លោក អ៊ីងហ្គោ ហ្គឺហាត្ស (Ingo Gerhartz) បានពន្យល់ថា «ខ្ញុំដឹងច្បាស់ណាស់ថា អាចនឹងមានការរឹតបន្តឹងលើចរាចរណ៍ផ្លូវអាកាសស៊ីវិល ហើយចំពោះបញ្ហាសំឡេងយន្តហោះ អាចនឹងមានអាំងតង់ស៊ីតេខ្ពស់ជាងធម្មតា ដោយសារតែផ្លូវហោះហើររបស់យើង»។
ការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យអង្គការណាតូចាប់ផ្ដើមរៀបចំត្រៀមខ្លួនដើម្បីទប់ទល់នឹងការវាយប្រហារណាមួយមកលើទឹកដីរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសស៊ុយអែតក៏កំពុងព្យាយាមចូលជាសមាជិករបស់អង្គការណាតូនេះផងដែរ ហើយប្រទេសជប៉ុនក៏នឹងចូលរួមក្នុងសមយុទ្ធនេះដូចគ្នា។
ឧត្តមសេនីយ៍ឯក ហ្គឺហាត្ស បានបញ្ជាក់ថា «យើងកំពុងបង្ហាញពិភពលោកឱ្យឃើញថា ទឹកដីរបស់អង្គការណាតូ គឺជាបន្ទាត់ក្រហមដែលមិនអាចរំលងបាន ដែលយើងបានរៀបចំរួចជាស្រេចហើយដើម្បីការពារទឹកដីមួយនេះ។ ប៉ុន្តែ យើងនឹងមិនធ្វើសកម្មភាពហោះហើរណាមួយ ឆ្លងទៅកាន់តំបន់ កាលីនីងហ្ក្រាដ (Kaliningrad) នោះទេ»។ គួរបញ្ជាក់ថា កាលីនីងហ្ក្រាដ គឺជាតំបន់ផ្តាច់មុខរបស់រុស្ស៊ីដែលមានទីតាំងស្ថិតនៅតំបន់សមុទ្របាល់ទិក ចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ euronews.
Germany prepares to host NATO’s biggest ever air exercise over Europe