បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសេនាធិការ និងមេបញ្ជាការថ្នាក់កងអនុសេនាតូច កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក ឆ្នាំ២០១៩

ឯកឧត្តម វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការរកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់នាយទាហានជំនាញសេនាធិការ និងបំប៉នមេបញ្ជាការថ្នាក់ កងអនុសេនាតូច កងអនុសេនាធំកាំភ្លើងធំកងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩។ ពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការស្រាល បញ្ជាការដ្ឋានកាភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង      ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

របាយការណ៍បើកវគ្គរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ូ សាមិត្ត មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា អនុវត្តន៍តាមផែនការហ្វឹកហ្វឺនបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃ ខភម បញ្ជាការដ្ឋានកាំភ្លើងធំ បានដំណើរការបើកវគ្គបំប៉នជំនាញថ្នាក់នាយទាហានការងារសេនាធិការកាំភ្លើងធំ កងទ័ពជើងគោក មានសិក្ខាកាម ចំនួន៥០នាក់ គ្រូយោធាចារ្យចំនួន០៥នាក់ ហើយខ្លឹមសារដែលត្រូវហ្វឹកហ្វឺនរៀនសូត្ររួមមាន យោធារួម អប់រំចិត្តសាស្ត្រ មុខវិជ្ជាលេខា និងឧបករណ៍ មុខវិជ្ជាសេនាធិការ និងអនុវត្តន៍សរុប។ ចំពោះវគ្គបំប៉នមេបញ្ជាការថ្នាក់កងអនុសេនាតូច កងអនុសេនាធំកាំភ្លើងធំកងទ័ពជើងគោកឆ្នាំ២០១៩ មានសិក្ខាកាម ចំនួនសរុប១២០នាក់ គ្រូយោធាចារ្យចំនួន១២នាក់់ ខ្លឹមសារដែលត្រូវហ្វឹកហ្វឺនរៀនសូត្ររួមមាន អប់រំចិត្តសាស្ត្រ មុខវិជ្ជាស៊ើបការណ៍ មុខជំនាញថ្នាក់ទីតាំង ជំនាញកាំភ្លើងបាញ់ផ្លោង (កាំភ្លើងត្បាល់) និងជំនាញកាំភ្លើងបាញ់បុក (ប្រភេទកាំភ្លើងដេកា)។ វគ្គនេះមានរយៈពេលហ្វឹកហ្វឺនចំនួន០៣ខែ ដោយចាប់បើកវគ្គពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សិក្ខាកាមមកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក។ ដោយឡែកសិក្ខាកាមដែលត្រូវចូលរួមហ្វឹកហ្វឹនវគ្គនេះត្រូវ បានធ្វើការជ្រើសចេញពីនាយទាហានស្ថិតនៅក្នុងតួនាទីចាប់ពីមេបញ្ជាការកងអនុសេនាតូចដល់មេបញ្ជាការកងអនុសេនាធំ និងជានាយ ឬនាយរងការិយាល័យ មេបញ្ជាការថ្នាក់វរសេនាតូច ឬរង ឬថ្នាក់ប្រហាក់ប្រហែល។

ឯកឧត្តម ពៅ សុខា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាននៃការអញ្ជើញចូលរួមរបស់ឯកឧត្តម  វ៉េង សុធី  អនុរដ្ឋលេខាធិការ និងសហការីនៃក្រសួងពាណិជ្ជកម្មទាំងអស់នាពេលនេះ។ ឯកឧត្តមក៏បានបញ្ចាក់ថា ចាប់តាំងពីបានចងសម្ព័ន្ធមេត្រីភាពនឹងបញ្ជាការដ្ឋានកាំផ្លើងធំ កងទ័ពជើងគោក ជានិច្ចកាលក្រសួងតែងតែបានផ្តល់នូវសាលប្រជុំ សម្ភារ ថវិកាមួយចំនួនទៀត ដោយចាប់តាំងពីបានប្រកាសចងសម្ព័ន្ធមេត្រីភាព និងបានស្វែងយល់ពីការលំបាក បញ្ហាតម្រូវការចំពោះមុខរបស់បញ្ជាការដ្ឋានកាំភ្លើងធំ ដោយបានឯកភាពផ្តល់ជូននូវអំណោយតាមតម្រូវការជាក់ស្តែងជានិច្ច និងរហូតមកដល់ពេលនេះ។ ឯកឧត្តម ពៅ សុខា ក៏បានបញ្ជាក់ពីគោល
បំណងក្នុងបើកវគ្គនាពេលនេះ គឺឲ្យនាយទាហានយើងបានយល់ពីតួនាទីដឹកនាជំនាញ និងចេះគម្រោងផែនការប្រតិបត្តិការកាំភ្លើងធំ និងជាសេនាធិការឲ្យមេបញ្ជាការ និងចេះប្រើឧបករណ៍កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ ការបាញ់លឿន រហ័ស និងចេះធ្វើផែនការប្រើប្រាស់កាំភ្លើងផងដែរ។

ឯកឧត្តម វ៉េង សុធី  បាននាំបណ្តាំផ្ញើពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ជូនចំពោះនាយ ពលទាហានចំណុះបញ្ជាការដ្ឋានកាំភ្លើងធំទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះខិតខំបំពេញតួនាទីក្នុងភារកិច្ចការពារជាតិ និងការរក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តម បានសម្តែងការអបអរសាទរ និងបានចាត់ទុកថា វគ្គហ្វឹកហ្វឺននេះពិតជាបានពង្រឹងសមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងការការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺន នៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍច្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះវិស័យការពារជាតិ ក៏មានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ផងដែរ។ ថ្វីត្បិតតែប្រទេសេជាតិ មានសុខសន្តិភាពក៏ពិតមែន តែកងទ័ពយើងមិនត្រូវភ្លេចខ្លួនពីការហ្វឹកហ្វឺន ហាត់ពត់លត់ដំជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពតែ ពិសេសត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុតនូវវិន័យកងទ័ព ដើម្បីបម្រើប្រជាជន និងការពារប្រជាជន និងការពារបូរណភាពទឹកដី និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ ស៊ីថា និងឯកឧត្តម វ៉េង សុធី  ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ បន្តស្រាវជ្រាឯកសារបន្ថែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានហ្មត់ចត់ មានអត្តចរិកល្អស័ក្តិសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាឲ្យសិក្ខាកាមងាយយល់    ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ត្រូវបន្តឆន្ទៈការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តគាំតទ្រ និងចូលរួមអនុវត្តន៍នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គ្រប់តំណាក់កាលឲ្យមានប្រសិទ្ធភាពខ្ពស់៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner