អូស្ត្រាលី នឹងដាក់បម្រាមលើការប្រើនិមិត្តសញ្ញាណាហ្ស៊ី ដោយលើកឡើងពីកំណើនក្រុមស្ដាំជ្រុលនិយមក្នុងស្រុក
កង់បេរ៉ា៖ ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែមិថុនាថា ខ្លួននឹងដាក់ច្បាប់ទៅសភានៅសប្តាហ៍ក្រោយ ដែលនឹងហាមឃាត់ការបង្ហាញឬការប្រើប្រាស់ជាសាធារណៈ និងការលក់និមិត្តសញ្ញារបស់ណាហ្ស៊ី ដោយលើកឡើងពីការកើនឡើងនៃក្រុមស្តាំជ្រុលនិយមនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
និមិត្តសញ្ញាស្វាស្ទីកា (Swastika) និងនិមិត្តសញ្ញា Schutzstaffel (SS) របស់អង្គភាពយោធាប៉ារ៉ា នៃគណបក្សណាស៊ី នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ មិនថាក្នុងទម្រង់ជាទង់ជាតិ ខ្សែដៃ ឬពុម្ពលើសម្លៀកបំពាក់។
អគ្គមេធាវីសហព័ន្ធអូស្រ្តាលីលោក Mark Dreyfus បានប្រាប់ទូរទស្សន៍ Channel Seven ថា៖ «ដូចដែលយើងបានឃើញហើយ និងគួរឱ្យសោកស្តាយខ្លាំងថា មានការកើនឡើងនៃចំនួនមនុស្សបង្ហាញនិមិត្តសញ្ញាដ៏អាក្រក់ទាំងនេះដែលជានិមិត្តសញ្ញាគួរឱ្យស្អប់ខ្ពើមនិងមិនត្រូវមានក្នុងប្រទេសអូស្រ្តាលី»។
លោក Dreyfus បាននិយាយទៀតថា៖ «គួរឱ្យសោកស្ដាយ យើងបានឃើញអំពើហិង្សាទាក់ទងនឹងព្រឹត្តិការណ៍សាធារណៈមួយចំនួន ដែលមនុស្សទាំងនោះបានធ្វើ»។ លោកបានគូសបញ្ជាក់ថា ការហាមប្រាមលើការប្រើប្រាស់និមិត្តសញ្ញារបស់ណាហ្សី នឹងមិនបញ្ចូលទៅក្នុងច្បាប់សហព័ន្ធនោះទេ ព្រោះរដ្ឋាភិបាលរដ្ឋ និងប្រទេសទាំងមូល អាចអនុវត្តបម្រាមនោះក្នុងវិធីដែលមានប្រសិទ្ធភាពជាងនេះ។
អគ្គមេធាវីដដែលបន្តថា៖ «រដ្ឋាភិបាលរដ្ឋ មានទំនួលខុសត្រូវបន្ថែមទៀតចំពោះអ្វីដែលអ្នកអាចហៅថា បទល្មើសតាមដងផ្លូវ ហើយច្បាប់របស់យើងដាក់បង្ហាញជាសាធារណៈនិងរួមបញ្ចូលតាមអ៊ីនធឺណិត»។
គួរគូសបញ្ជាក់ថា ការប្រកាសរបស់អូស្រ្តាលីនាពេលនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់ប្រទេសអូស្ត្រាលី បានព្រមានក្រុមស្តាំជ្រុលនិយម កំពុងកើនឡើងនៅក្នុងស្រុកកាន់តែច្រើន តាមរយៈការបង្ហាញ និងសកម្មភាពផ្សេងៗ។
កាលពីខែមីនាក្រុមណាហ្ស៊ីនិយមបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាសិទ្ធិអ្នកប្តូរភេទនៅទីក្រុង Melbourne ហើយថែមទាំងបានលើកដៃធ្វើការគោរពតាមពួកណាហ្ស៊ីក្បែរអគារសភារដ្ឋ។ កាលពីឆ្នាំមុនអ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់ដែលលើកដៃគោរពតាមពួកណាហ្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រ Australia Cup ត្រូវបានហាមប្រាមអស់មួយជីវិតពីការចូលរួមមើលការប្រកួតពីសមាគមបាល់ទាត់អូស្រ្តាលី។
ទាក់ទងនឹងទោសក្នុងច្បាប់ថ្មីរបស់អូស្រ្តាលី លោក Dreyfus ឱ្យដឹងថា ជនល្មើសអាចជាប់ពន្ធនាគាររហូតដល់ ១២ ខែ។ទន្ទឹមនេះការប្រើប្រាស់និមិត្តសញ្ញាស្វាស្ទីកាផ្សេងៗ ក៏នឹងត្រូវលើកលែងក្នុងបម្រាមផងដែរ ដូចជាការប្រើប្រាស់ក្នុងន័យសិល្បៈ ការសិក្សា ឬសាសនា ដោយសារតែនិមិត្តសញ្ញានេះក៏មានក្នុងហិណ្ឌូសាសនា ពុទ្ធសាសនា និងសាសនាជេន ( Jainism)៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ Australia to ban swastika, SS sign citing rise of far-right https://www.channelnewsasia.com/asia/australia-ban-swastika-ss-sign-citing-rise-far-right-3547051