កម្ពុជា-វៀតណាម បង្កើតវេទិកាពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី
ភ្នំពេញ៖ កម្ពុជា-វៀតណាម បានរួមគ្នាបង្កើតវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ដើម្បីរួមគ្នាពិភាក្សា រិះរកមធ្យោបាយនានា សំដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីទៅវិញទៅមកឱ្យកាន់តែធំបន្ថែមទៀតព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាននាពេលខាងមុខ។
វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជានិងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)នាស្ថានទូតវៀតណាមប្រចាំកម្ពុជាដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់កាលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣។
ថ្លែងក្នុងវេទិកាខាងលើ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាមឆ្នាំ២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។
ជាមួយគ្នានេះលោកក៏បានគូសបញ្ជាក់ថា តាមរយៈវេទិការនេះយើងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញនិងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព ខណៈវេទិកានេះ ក៏បានបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកថា៖« ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។
នាឱកាសនោះដែរ លោក ជា វុទ្ធី ក៏បានបានលើកឡើងពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ ខណៈរូបលោកបានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា ទាំងវៀតណាម រួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជាថែមទៀត។
ពាក់ព័ន្ធរឿងនេះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជា-វៀតណាម បង្កើតវេទិកាពាណិជ្ជកម្មនេះឡើង ដើម្បីពង្រឹងកិច្ចសហការវិនិយោគទ្ចេភាគី។ លោកបន្តថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ មិនមានការថយចុះគួរឱ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែអ្វីដែលសង្កេតឃើញមួយទៀតនោះ គឺជញ្ជីងអតុល្យភាពនៃពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម។
លោកបន្តដូច្នេះថា៖« កាលណាយើងនិយាយពីតុល្យភាពនៃពាណិជ្ជកម្ម យើងឃើញថាភាគីវៀតណាម បាននាំចូលទំនិញមកកាន់កម្ពុជាយើងច្រើនជាងកម្ពុជាខ្លាំង អ៊ីចឹង! ប្រសិនណាវៀតណាម មានឱកាសនាំចូលមកកាន់កម្ពុជា និងប្រទេសបណ្តាអាស៊ានបានច្រើន គឺវាទាក់ទងនឹងតម្រូវការ គេអាចផ្គត់ផ្គង់ និងនាំចេញបានច្រើន ដូច្នេះចាំបាច់ត្រូវឱ្យកម្ពុជាគិតគូរបន្ថែមលើចំនុចនេះ»។
ជាយោបល់របស់អ្នកជំនាញសេដ្ឋកិច្ចខាងលើ លោកចង់ឃើញ ភាគីទាំងពីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ដើម្បីដឹងពីតម្រូវការផលិតផល ឬទំនិញជាក់លាក់ ដែលចាំបាច់ត្រូវការនាំចេញ/នាំចូល ដើម្បីបង្កើនការនាំចេញទំនិញកម្ពុជាទៅកាន់វៀតណាម ពិសេសផ្តល់ឱកាសដល់អ្នកវិនិយោគិនកម្ពុជា អាចមានឱកាសទៅវិនិយោគនៅប្រទេសវៀតណាមបានច្រើន។
តាមរយៈវេទិការនេះដែរ ភាគីពាក់ព័ន្ធ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំដែរថា នឹងរួមចំណែកពង្រីកនូវទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែធំបន្ថែមទៀត ព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាន នាពេលដ៏ខ្លីខាងមុខនេះ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានផ្សាយកាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា រយៈពេលពីរខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម សម្រេចបានជាងមួយពាន់លានដុល្លារ កើនង១៤.២ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង៣៦.១ភាគរយ និងនាំចូលមកវិញក្នុងតម្លៃជាង៥៩៣លានដុល្លារ កើនឡើង ០.៧ភាគរយ។ ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចូលពីវៀតណាម រួមមាន ដែកថែប និងសម្ភារៈសំណង់ ប្រេង បន្លែផ្លែឈើ និងគ្រឿងចក្រកសិកម្ម ចំណែកឯផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាម រួមមាន ផលិតផលឈើ ស្វាយចន្ទី និងកៅស៊ូជាដើម៕ដោយ៖ បូរ ពេជ្រហ្សាលីន

