មេបញ្ជាសឹករងកំពង់ធំ៖ ត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រគល់ផែនការ ភារកិច្ច និងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់កងទ័ព នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គណបក្សនយោបាយ ដែលត្រូវចូលរួមបោះឆ្នោតតនៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៨ ដោយឡែកនៅខេត្តកំពង់ធំ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានចំនួន ១៥ និងមានចំនួន ១.១៥២ការិយាល័យបោះឆ្នោត នៅលើ ៨១ឃុំ.សង្កាត់របស់ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំឱ្យគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវត្រៀមបម្រុងគ្រប់វិស័យក្នុងការអនុវត្តតាមផែនការសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមបោះឆ្នោត ។ ព្រមជាមួយនោះ គ្រប់បណ្ដាកងឯកភាពនិងស្ថាប័នចំណុះ ត្រូវអប់រំរៀនសូត្រដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់យោធិនគ្រប់រូប ព្រមទាំងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត ជូនគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕ ដោយ ប៊ុន រដ្ឋា

ads banner