មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា

ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះបានបង្អួតរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់ ១ម៉ឺនគ្រែ ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ មិថុនានេះ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសសម្រិតសម្រាំងឱ្យបានស្អាតចំពោះកិច្ចការដែលនៅសេសសល់ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានរហូតដល់ ១ម៉ឺនគ្រែ ។

គម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង ១៤ខណ្ឌ នៅរាជធានីភ្នំពេញ ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ភនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner