បញ្ជូនជនសង្ស័យ១៨នាក់ពាក់ព័ន្ធបទល្មើស៤ករណី ទៅកាន់តុលាការ
ភ្នំពេញ៖ ជនសង្ស័យ១៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៤ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ក្នុងបទល្មើសរបស់ជនសង្ស័យខាងលើរួមមាន ករណីទី១៖ លួចឆក់ ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ករណីទី៣៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៤៖ ករណីលួច។
មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៨នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែររ៕ធ.ដ
