អង់គ្លេស នឹងដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយចិនចេញពីទីតាំងអគារសំខាន់ៗរបស់រដ្ឋាភិបាល

ឡុងដ៍៖ ប្រទេសអង់គ្លេស ប្តេជ្ញាថានឹងដកឧបករណ៍ឃ្លាំមើល ដូចជាកាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនចិន ចេញពីទីតាំងអគាររដ្ឋាភិបាលអង់គ្លេសទាំងអស់។ នេះគឺជាវិធានការមួយក្នុងចំណោមវិធានជាច្រើនទៀតរបស់អង់គ្លេស ដែលបានដាក់ចេញដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។

គួរដឹងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) តែងតែបានចាត់ទុកប្រទេសចិនជាតួអង្គនៃបញ្ហាប្រឈមដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសបញ្ហាសន្តិសុខ និងការអភិវឌ្ឍ។ ជាក់ស្ដែង រដ្ឋាភិបាលអង់គ្លេសធ្លាប់បានប្រាប់នាយកដ្ឋានពាក់ព័ន្ធរបស់ខ្លួនកាលពីឆ្នាំមុនឱ្យបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលដែលភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិករបស់ចិននៅតាមអគារសំខាន់ៗរបស់រដ្ឋ។

នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា «យើងនឹងព្យាយាមកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ក្នុងការដកចេញនូវឧបករណ៍ឃ្លាំមើលដែលផលិតដោយក្រុមហ៊ុនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្ដីពីចារកម្មរបស់ប្រទេសចិន ពោលគឺដកចេញពីទីតាំងអគាររបស់រដ្ឋាភិបាលកណ្តាលសំខាន់ៗទាំងអស់»។

សេចក្ដីប្រកាសខាងលើបានបន្ថែមថា «ដោយផ្អែកទៅលើការកំណត់ពេលវេលាឱ្យបានជាក់លាក់បែបនេះ យើងសូមធ្វើការធានាឡើងវិញថានឹងចាត់វិធានការជាបន្ទាន់ជុំវិញផែនការដកចេញនេះ»។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសនោះ មិនបានលើកឡើងបញ្ជាក់ឈ្មោះក្រុមហ៊ុនណាមួយជាក់លាក់នោះទេ។

កន្លងមក សមាជិកសភាអង់គ្លេសក៏ធ្លាប់បានអំពាវនាវឱ្យហាមឃាត់ការលក់ដូរ និងប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Hikvision និងក្រុមហ៊ុន Dahua ដោយសារតែក្រុមហ៊ុនទាំងពីរនេះ មានភាគហ៊ុនមួយចំនួនកាន់កាប់ដោយរដ្ឋចិន និងដោយសារតែមានការព្រួយបារម្ភអំពីសិទ្ធិឯកជនភាព និងការព្រួយបារម្ភអំពីឧបករណ៍របស់ក្រុមហ៊ុនទាំងពីរថាមានជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ ក្រុមហ៊ុន Hikvision បានធ្វើការឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈអ៊ីម៉ែលថា «យើងជឿជាក់ថា វិធានការ ក៏ដូចជាសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាលអង់គ្លេស គឺជាការធ្វើឡើងដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ជំរុញឱ្យមានការប្រើប្រាស់យន្តការហាមឃាត់ទៅលើការលក់ចែកចាយឧបករណ៍បច្ចេកវិទ្យា ដែលការធ្វើបែបនេះ មិនទាក់ទងទៅនឹងសុវត្ថិភាពនៃផលិតផលរបស់ក្រុមហ៊ុន Hikvision ឡើយ»។

បន្ថែមលើនេះ ទីក្រុងប៉េកាំងក៏បានបដិសេធទាំងស្រុងទៅលើការប្រើប្រាស់ហេតុផលសន្តិសុខជាតិជាមធ្យោបាយដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។ គួររំឭកថា កាលពីខែមីនា ប្រទេសអង់គ្លេសបានហាមឃាត់មិនឱ្យមានកម្មវិធីតិកតុក (TikTok) នៅលើទូរស័ព្ទទាំងអស់ដែលប្រើប្រាស់សម្រាប់ការងាររបស់រដ្ឋាភិបាល ខណៈដែលកាលពីឆ្នាំ២០២០ អង់គ្លេសក៏ធ្លាប់បានព្រមានថា ខ្លួននឹងហាមឃាត់ក្រុមហ៊ុន Huawei ពីការដាក់ចេញឱ្យប្រើប្រាស់បណ្តាញ 5G នៅក្នុងប្រទេសទៀតផង។ លើសពីនេះទៀត រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានហាមឃាត់មិនឱ្យធ្វើការលក់ដូរឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនផងដែរ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner