សិង្ហបុរី ចេញមុខសុំទោសប្រជាជនម៉ាឡេស៊ី បន្ទាប់ពីអ្នកកំប្លែងដើមកំណើតសិង្ហបុរីម្នាក់យកការបាត់យន្តហោះ MH370 ទៅនិយាយលេងសើច

សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឧត្តមស្នងការជាន់ខ្ពស់សិង្ហបុរីប្រចាំប្រទេសម៉ាឡេស៊ី បានចេញមុខសុំទោសជាសាធារណៈបន្ទាប់ពីតារាកំប្លែងដើមកំណើតសិង្ហបុរីម្នាក់ យកការបាត់ខ្លួនយន្តហោះ MH370 ទៅនិយាយជារឿងលេងសើច ពេលកំពុងសម្ដែងលើឆាកក្នុងទីក្រុងញូវយ៉ក។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរ ថា លោកមានការហួសចិត្តចំពោះកំប្លែង «ដ៏មិនសមរម្យ» របស់តារាកំប្លែង នាង Jocelyn Chia ។ លោកបន្តថា៖ «យើងឱ្យតម្លៃចំពោះទំនាក់ទំនងរបស់យើងជាមួយគ្រួសារ និងមិត្តភក្តិនៅម៉ាឡេស៊ី ហើយសូមអភ័យទោសចំពោះកំហុស និងការឈឺចាប់ដែលបានកើតឡើង ចំពោះប្រជាជនម៉ាឡេស៊ីទាំងអស់»។

ចំណែកឯឧត្តមស្នងការជាន់ខ្ពស់សិង្ហបុរីប្រចាំម៉ាឡេស៊ី លោក Vanu Gopala Menon វិញ បានសម្តែងការខកចិត្តរបស់លោក ចំពោះកំប្លែងដ៏មិនសមរម្យរបស់នាង Chia ដោយនិយាយថា៖ «រដ្ឋាភិបាលសិង្ហបុរី មិនអត់ឱនចំពោះពាក្យសម្តី ឬសកម្មភាពដែលបង្កគ្រោះថ្នាក់ ឬការឈឺចាប់ ដល់អ្នកដទៃឡើយ ហើយនាង Chia ដែលលែងជាជនជាតិសិង្ហបុរីទៀតនោះ ក៏មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងដែរ»។

គួរបញ្ជាក់ថា ប្រជាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនាង Chia ដែលបច្ចុប្បន្នជាអ្នកកំប្លែងអាជីពនៅក្រុងញូវយ៉កបានលេងសើច ដោយនិយាយពីភាពចម្រូងចម្រាសរវាងប្រជាជនម៉ាឡេស៊ី និងសិង្ហបុរី និងការបាត់ខ្លួនដ៏អាថ៌កំបាំងនៃយន្តហោះម៉ាឡេស៊ី MH370 ដែលដឹកអ្នកដំណើរ ២៣៩ នាក់ទៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៤។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Zambry Abdul Kadir បាននិយាយថា នាង Chia បានបង្ហាញពីការគិតពិចារណា និងយល់ពីអារម្មណ៍របស់ប្រជាជនម៉ាឡេស៊ី និងក្រុមគ្រួសារជនរងគ្រោះនោះទេ។

ចំណែកឯតារាកំប្លែងម៉ាឡេស៊ី លោក Harith Iskander បានបន្ទរទស្សនៈនោះ ដោយនិយាយថា សេរីភាពនៃការបញ្ចេញមតិគឺជាការចាំបាច់សម្រាប់ការកំប្លែង ប៉ុន្តែការលេងសើចរបស់នាង Chia មានការលើសលស់ខ្លាំង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner