សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៣កក្កដា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋសូមនាំគ្នាចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ និងប្រើសិទ្ធិរបស់ខ្លួនម្នាក់ៗ ជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ ដើម្បីការដឹកនាំប្រទេសកម្ពុជា។

សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រប្រមាណជិត២ ម៉ឺននាក់ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា នឹងឈានមកដល់ក្នុងរយៈពេល៤៥ថ្ងៃទៅមុខ ទៀតគិតត្រឹមថ្ងៃទី៨មិថុនា។ សម្តេចតេជោបានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋមិនត្រូវភ្លេច ចេញទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដានោះឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីដើមខែមិថុនាបានប្រកាសការគ្រោងបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតនាពេលខាងមុខនេះ។ សន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ នឹងត្រូវបែងចែកជាពីរប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតចំនួនជាង២ពាន់៣០០ការិយាល័យ, ចំណែកប្រភេទទី២ គឺសន្លឹកឆ្នោតប្រមាណជាង ១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈ កម្មការខេត្តរៀបចំការបោះឆ្នោត ដែលជាការត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។

យោងតាមកម្មវិធីដែលរៀបចំទុក គឺនៅថ្ងៃទី១៦មិថុនា, គជបនឹងបិទបញ្ជីគណបក្សនយោបាយ និងបញ្ជីឈរឈ្មោះបេក្ខជនបោះឆ្នោត។ បន្ទាប់មកឈានចូលក្នុងខែកក្កដា នឹងមានយុទ្ធនាការឃោសនារវាងពីថ្ងៃទី១ ដល់ថ្ងៃទី២១កក្កដា, ថ្ងៃ ទី២២កក្កដាគឺជាថ្ងៃស និងថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោត។

ក្រោយមកគឺនៅរយៈពេល៦០ បន្ទាប់ពីការបោះឆ្នោត នឹងមានការរៀបចំរដ្ឋសភាដែលនឹងមានការរៀបចំបោះឆ្នោតអនុម័តគណរដ្ឋមន្ត្រីថ្មី។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ជុំវិញដំណាក់កាលក្រោយការបោះឆ្នោតសកល និងរដ្ឋសភាចាស់ត្រូវអស់សុពលភាពរបស់ខ្លួនបន្ទាប់ពីរដ្ឋសភាថ្មីបានឡើងកាន់តំណែង។

យោងតាមច្បាប់ក្រោយពីរដ្ឋសភាថ្មីបានចូលកាន់តំណែងរយៈពេល៦ខែរួចមក, សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវរៀបចំសាជាថ្មី។ ក្នុងករណីដែលមិនអាច រៀបចំសាជាថ្មីវិញបាន, គជបចាស់នឹងនៅតែរក្សាជាដដែលដើម្បីការបន្តអាណ្ណត្តិរបស់ខ្លួន។

ads banner