កម្ពុជា និងអារ៉ាប់អេមីរ៉ាត ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Video Inside)
កម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។
ការចុះហត្ថលេខានេះ បានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ របស់អារ៉ាប់អេមីរ៉ាត គឺលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់នូវអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។
លោកបានថ្លែងថាទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធឬត្រូវលើកលែងពន្ធ។ លោកបន្តទៀតថា កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃ ប្រកួតប្រជែង ដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថាទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាតក្នុងឆ្នាំ២០២១ មានទឹកប្រាក់ ១៥១លាន៥៤ម៉ឺន៧ពាន់៥៧ ដុល្លារ ដែលចំនួននេះបានកើនជាង ៥២ ភាគរយធៀបនឹងឆ្នាំ២០២០។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងទំហំពាណិជ្ជកម្មសរុបជាង១៥១លានដុល្លារនេះមានជាង៩៩ លានដុល្លារ ដែលជាតម្លៃទំនិញកម្ពុជានាំចូលពីប្រទេសអារ៉ាប់អេមីរ៉ាត៕