សម្តេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំង២បន្ថែមទៀត

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី ៨ មិថុនា បានអនុញ្ញាតឱ្យឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាត អា រ៉ាប់ រួម ចូលជួបសម្តែងការគួរសម និងប្រាស្រ័យការងារ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម ថានី បានជម្រាបជូន សម្ដេចតេជោ អំពីជំនួបប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ , ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តម ថានី បានសំដែងនូវការរីករាយ ជាមួយ កិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកិច្ចព្រមព្រៀងនេះ នឹងនាំសេដ្ឋកិច្ចនិងប្រជាជន ប្រទេសទាំងពីរ កាន់តែជិតគ្នាថែមទៀត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើសក្ដានុពល ដែលកំពុងតែមាន។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែង នូវសេចក្ដីរីករាយ ជាមួយ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយសម្តេច បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ នឹងនាំមក នូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។

ជាមួយនេះដែរ សម្ដេចតេជោ បានលើកទឹកចិត្ត ឱ្យមានការពិចារណា លើការវិនិយោគ លើវិស័យកសិកម្ម ទី១ វិស័យស្រូវអង្គរ ដែលកម្ពុជា មានស្រូវ ប្រមាណ ៦លានតោន ដែលអាចនាំចេញ , ក្នុងនេះ សម្ដេចតេជោ បានស្នើឲ្យ មានការពិចារណា បង្កើតរោងម៉ាស៊ីនកិនស្រូវ , ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃ ស្រូវ សម្រាប់នាំចេញ ។ ទី២ លើវិស័យស្វាយចន្ទី ដែលកម្ពុជា មានស្វាយចន្ទី ជាង១លានតោនហើយ , ហើយសព្វថ្ងៃនេះ ពុំទាន់មានការកែច្នៃសម្រាប់នាំចេញនៅឡើយ ដូច្នេះសម្ដេច បានស្នើឱ្យមានការពិចារណា ជំរុញការវិនិយោគ មកវិនិយោគលើការកែច្នៃស្វាយចន្ទី សម្រាប់នាំចេញទៅ អេមីរ៉ាត អារ៉ាប់រួមផង ហើយក៏នាំចេញទៅកាន់ប្រទេសដទៃទៀតផង។

បន្ថែមលើនេះ សម្ដេចតេជោ ក៏បានស្នើឲ្យមានការពិចារណាផងដែរ ឱ្យមកធ្វើការវិនិយោគ លើការកែច្នៃដំឡូង ដែលកម្ពុជាមានយ៉ាងច្រើន សម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ ។

ជាងនេះទៀត សម្ដេចតេជោ ក៏បានស្នើ ឲ្យភាគី អេមីរ៉ាត អារ៉ាប់រួម ពិចារណា ជំរុញឲ្យមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និង ស្នើសុំ ឲ្យមានការជំរុញការហោះហើរត្រង់ ពីអេមីរ៉ាត អារ៉ាប់រួម មកកាន់កម្ពុជាផង ។

បន្ទាប់ពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើ ញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA)។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា រំពឹងថា អាចទាញផលប្រយោជន៍ជាអតិបរមា។ ក្នុងនោះ កម្ពុជា នឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅ កាន់ ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះ ទំនិញ សំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

ទន្ទឹមគ្នានេះ កម្ពុជា ក៏នឹងពិចារណាក្នុងការនាំចូលមុខទំនិញអាទិភាព ដែលមានគុណ ភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់ រួម កាន់តែរស់រវើក ហើយទីផ្សារទំនិញប្រទេសទាំងកាន់តែទូលំទូលាយផងដែរ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ថត ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner