វាយប្រហារដោយកាំបិត របួសធ្ងន់មនុស្ស ៦នាក់ រួមទាំងកុមារបួននាក់ នៅបារាំង
កុមារបួននាក់ និងមនុស្សពេញវ័យ ចំនួន ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងការវាយប្រហារដោយកាំបិត នៅភ្នំអាល់ របស់ប្រទេសបារាំង។ ជនភៀសខ្លួនស៊ីរីម្នាក់ប្រដាប់ដោយកាំបិតបានចាក់កុមារមត្តេយ្យបួននាក់ និងរបួសមនុស្សពេញវ័យពីរនាក់ នៅមាត់បឹងមួយ នៅតំបន់ភ្នំអាល់ នៃប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្នុងការវាយប្រហារដែលហេតុផលនៅតែមិនច្បាស់លាស់។
ជនរងគ្រោះក្មេងជាងគេ នៅក្នុងទីក្រុងស្ងាត់ Annecy ទើបតែមានអាយុ ២២ ខែ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងយល់ពីហេតុផលនៃការផ្ទុះកំហឹង នៅក្នុងសួនសាធារណៈ នៅម៉ោងជិត១០ ព្រឹកថ្ងៃទី៨ ខែមិថុនា។
អ្នកវាយប្រហារស្លៀកពាក់ខ្មៅ និងកាន់ដាវប្រវែងប្រហែល ១០ សង់ទីម៉ែត្រ អាចត្រូវបានគេឮស្រែកថា “នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ” នៅលើវីដេអូដែលថតដោយអ្នកឈរមើល និងបានឃើញដោយ AFP ។
រដ្ឋអាជ្ញាក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងមាត់បឹង ក្បែរទីក្រុងហ្សឺណែវ ប្រទេសស្វីសថា “មិនមានហេតុផលភេរវករច្បាស់លាស់ទេ”។
ប្រភពបាននិយាយថា ការស៊ើបអង្កេតសម្រាប់ការប៉ុនប៉ងឃាតកម្មត្រូវបានបើកហើយថាជនសង្ស័យមានឈ្មោះ Abdalmasih H មិនស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹងនោះទេ។
នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បាននិយាយថា ជនសង្ស័យត្រូវបាន “មិនស្គាល់ ដោយសេវាស៊ើបការណ៍សម្ងាត់ណាមួយ” និងមិនមាន “ប្រវត្តិនៃបញ្ហាផ្លូវចិត្តណាមួយ” ។
លោកស្រីបាននិយាយបែបនេះ បន្ទាប់ពីប្រញាប់ទៅកន្លែងកើតហេតុ ដោយបន្ថែមថា៖ «យើងមានការតក់ស្លុតចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើម និងមិនអាចពិពណ៌នាបាននេះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

