មន្រ្តីក្រុមការងារ៖ ប្រជាកសិករមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ធានានូវសន្តិសុខស្បៀង

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានពន្យល់ដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ។

លោកបន្តថា ការធានានូវសន្តិសុខស្បៀង អាចធ្វើទៅបាន ទាមទារឲ្យមានការចូលរួមចំណែកពីប្រជាលពលរដ្ឋ បូកផ្សំនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករ និងលើកស្ទួយអភិវឌ្ឍន៍នូវវិស័យកសិកម្ម ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយប្រវែង ១៤៥០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាកសិករ ៦៣៥គ្រួសារ ដែលមានដីស្រែចំនួន ៤៥៧ហិកតា ដែលនឹងទទួលផលពីការស្ដារប្រឡាយនេះ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។

កម្មវិធីនេះធ្វើឡើងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលកសិករនៅក្នុងតំបន់ខាងជើងឃុំផ្តៅជុំ ចំនួន ៦៣៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួនបីគឺ ភូមិផ្តៅជុំកើត ភូមិចាំនាង និងភូមិឈើទាល តាមរយះថ្នាក់ដឹកនាំគណបក្សឃុំផ្តៅជុំ ។ ការបើកការដ្ឋានស្តារប្រឡាយទឹកនេះ នឹងជួយសម្រួលដល់ការរំដោះទឹកជំនន់ នារដូវវស្សា កុំឲ្យជន់លិចដីស្រែ និងដំណាំប្រជាកសិករទាំងបីភូមិ ហើយនារដូវប្រាំង ប្រឡាយនេះ ប្រើប្រាស់ជាផ្លូវនាំទឹក សម្រាប់ស្រោចស្រព្វដំណាំប្រជាកសិករ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ប្រជាកសិករទាំង ៦៣៥គ្រួសារ តាមរយៈក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ។ ការបន្តជួយដល់ប្រជាជន សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋតាមភាពជាក់ស្ដែងគ្រប់ពេលវេលាជានិច្ច ។ ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានប្រគល់រទេះជនពិការ ជូនប្អូនស្រី វ៉ុន ស្រីពេជ្រ អាយុ១៧ឆ្នាំ ដែលជាសិស្សមានពិការភាព កំពុងសិក្សាថ្នាក់ទី៩ ហើយរៀនពូកែជាប់លំដាប់ថ្នាក់លេខ២ នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ ។ លើសពីនេះក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត៕ ដោយ : គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner