សេចក្តីថ្លែងការណ៍រួម៖ ពុំទាន់សម្រេចធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ពុំទាន់សម្រេចក្នុងការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ដែលស្នើឡើងដោយភាគីម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ការស ម្រេចមិនទាន់ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងនេះ ត្រូវបានអ្នកតាមដាននយោបាយតំបន់ ចាត់ទុកថាជារឿងត្រឹមត្រូវ ដើម្បីបញ្ចៀសជម្លោះរវាងចិន និងអាស៊ានទាំងមូល។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី បានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង។
ក្នុងសេចក្ដីថ្លែងការណ៍របស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានរៀបរាប់ថា៖« លទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ចាការកងទ័ពអាស៊ានលើកទី២០ សម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយ ហើយក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួមនៅសមុទចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស។
ក្នុងនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទេ។
ដោយឡែកក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានស្នើសុំយោបល់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទម្តងទៀត ក្នុងនោះអគ្គមេបញ្ញាការនៃកងយោធពលខេមរភូមិន្ទ បានឆ្លើយតបពីរចំណុច។ ដោយចំណុច ទី១ នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី កម្ពុជានឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។ ទី ២ ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា។នេះបើតាមសេចក្តីថ្លែងការណ៍អគ្គបញ្ជាការដ្ឋានបញ្ជាក់បន្ថែម។
ជុំវិញលទ្ធផលកិច្ចប្រជុំនោះ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោក យង់ ពៅ ដែលតាមដានព្រឹត្តិការណ៍នយោបាយតំបន់ បានឱ្យដឹងថា នៅតំបន់សមុទ្រចិនខាងត្បូងនេះ ជាតំបន់ដែលមានជម្លោះ នៅតែបន្តកើតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានពាក់ព័ន្ធមួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម ជាដើមដែលនៅបន្តទាមទារ។ លោកបន្តថា៖«អ៊ីចឹង! បើសិនជាមានសមយុទ្ធរវាងបណ្តារដ្ឋអាស៊ានទាំងអស់ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងនេះ ហាក់ដូចបានប្រកាសថាតំបន់នេះជាតំបន់ដែលគ្មានជម្លោះគឺផ្តាច់មុខរបស់អាស៊ាន ដូច្នេះហាក់ដូចជាអូសសមសមាជិកអាស៊ានទាំងអស់ទៅឱ្យពាក់ព័ន្ធនឹងជម្លោះនោះ ដែលនាំឱ្យបញ្ហានេះ ដុតរោលក្តៅគគុក ដែលជាបញ្ហាតំបន់រវាងអាស៊ាន និងប្រទេសចិនតែម្តង»។
លោកបន្តថា ព្រោះកន្លងទៅថ្នាក់ដឹកនាំអាស៊ានបានគិតថា នោះមិនមែនជារឿងបញ្ហារវាងសមាគមអាស៊ានជាមួយប្រទេសចិនទេ គឺជាបញ្ហារវាងរដ្ឋភាគីជម្លោះជាមួយចិន។ លោកថា៖«ប្រសិនបើយើងបោកបោះបញ្ហាអាស៊ានចិន នឹងធ្វើឱ្យកម្តៅភូមិសាស្រ្តនយោបាយនឹងឡើងក្តៅពាសពេញអាស៊ាន ហើយនឹងធ្វើឱ្យខាតធ្ងន់ធ្ងររវាងទំនាក់ទំនងអាស៊ាន និងចិន ព្រោះពាក់ព័ន្ធផលប្រយោជន៍ផ្សេងទៀត។ អ៊ីចឹង! ការសម្រេចមិនធ្វើសមយុទ្ធរបស់អាស៊ាននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះគឺជាការត្រឹមត្រូវ។
យ៉ាងណាមិញសម្រាប់លោក យង់ ពៅ យល់ថា កិច្ចប្រជុំអគ្គមេបញ្ជការកងទ័ពអាស៊ាននេះ មានសារៈសំខាន់ក្នុងការប្លាស់ប្តូរយោបល់គ្នា ផ្គូរផ្គងយោបល់គ្នាទៅលើបញ្ហាសន្តិសុខតំបន់ ចៀសវាងសន្តិសុខឡើងកម្តៅដោយមិនបានផ្លាស់ប្តួរយោបល់គ្នា។
លោកថា៖«ឧទាហរណ៍ ការប្រជុំលើកនេះបានសម្រេចមិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង នេះគឺជាផលប្រយោជន៍ដែលបានមកពីកិច្ចប្រជុំនេះ បើសិនជាមិនមានកិច្ចប្រជុំទេ ហើយធ្វើឱ្យមានសមយុទ្ធនោះកើតឡើង កម្តៅភូមិសាស្រ្តនយោបាយតំបន់អាចកើតមានឡើង»។
សូមជម្រាបថា ឥណ្ឌូណេស៊ី ជាប្រទេសមួយរួមទាំងកម្ពុជាផងនោះ មិនមែនជា ភាគី នៃ ជម្លោះនៅសមុទ្រចិនខាងត្បូង ឡើយ ប៉ុន្តែ ឥណ្ឌូនេស៊ី ក៏មាន ផ្នែក ខ្លះ នៃ តំបន់សេដ្ឋកិច្ច ស្ថិតក្នុង សមុទ្រ នេះផងដែរ ៕ ដោយ៖ សុខ រក្សា