កម្ពុជាបញ្ជូនរថយន្តរពាសដែក១៤គ្រឿង និងសម្ភារបរិក្ខាវេជ្ជសាស្ត្រទៅកាន់ប្រទសម៉ាលីក្នុងបេសកកម្មអង្គការសហប្រជាជាតិ
ភ្នំពេញ៖ កម្ពុជាបានបញ្ជូនរថយន្តរពាសដែក (MPV) ចំនួន១៤គ្រឿង និងសម្ភារគ្រឿងបំពាក់ចំនួន៥កុងតឺន័រ សម្រាប់បំពេញបន្ថែមនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដែលកំពុងរងភាពវឹកវរ ដោយសារមានក្រុមឧទ្ទាម ដែលតែងពួនស្ទាក់ដាក់គ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។
រថយន្ត MPV (Mine Protected Vehicle) និងសម្ភារទាំងនោះ ត្រូវបានដឹកចេញពីកម្ពុជា កាលពីថ្ងៃទី ៨ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទៅកាន់សាធារណរដ្ឋម៉ាលី ក្រោមវត្តមាន លោក សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាឱកាសនោះដែរឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា រថយន្តMPV និងសម្ភារក្នុងកុងតឺន័រចំនួន៥ សម្រាប់បញ្ជូនទៅបំពេញបន្ថែម លើរថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី កំពុងឈរជើង នៅទីក្រុងហ្គាវ។ លោកបញ្ជាក់ថា ចំពោះរថយន្តនិងសម្ភារទាំងអស់នេះ នឹងទៅដល់ប្រទេសម៉ាលី នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម សែម សុវណ្ណនី បានឱ្យដឹងទៀតថា ក្នុងចំណោមរថយន្តរMPVទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តMPVចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។
លោកបន្តថា៖«ការដែលបញ្ជូន រថយន្ត MPV នេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។ ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ»។
ការបញ្ជូនរថយន្ត និងសម្ភារទាំងអស់នេះទៅកាន់ម៉ាលី ដោយទទួលបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា,ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
សូមបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕ ដោយ៖ សុខ រក្សា