ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា បានបិទជាផ្លូវការ ខណៈកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុប៧០គ្រឿង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បា នប្រកាសថា ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ក៏បានថ្លែងអំណរ គុណ ចំពោះការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីគណៈកម្មការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។

សម្តេចតេជោ បានថ្លែងក្នុងនាមជាម្ចាស់ផ្ទះថា កម្ពុជា ព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ជាមួយការបិទព្រឹត្តិការណ៍កីឡានេះ សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស ដែលមានជាង៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៉ីហ្គេម និងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម។

សម្តេច បានថ្លែងប្រាប់ជនរួមជាតិថា បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចេះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៉ី កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៉ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុវជនអាស៉ី នឹងមានការចូលរួមពីប្រតិភូកីឡា ទ្រង់ទ្រាយធំជាងស៉ីហ្គេមទៅទៀត។

សូមជម្រាបថា ការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុប៧០មេដាយ ដែលមានដូចជា៖ មេដាយមាស ៩, មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner