រដ្ឋបាលខេត្តបាត់ដំបង អបអរសាទរដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ នូវក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត នៅតាមដងផ្លូវសំខាន់ៗ ក្នុងខេត្ត
រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរចំពោះពានរង្វាន់ជ័យលាភីដែលវិទ្យាល័យពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក ទទួលបានចំណាត់ថ្នាក់លេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៤។ ពិធីសាទរ និងដង្ហែពានរង្វាន់ជ័យលាភីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីរៀបចំដង្ហែឆ្ពោះទៅកាន់ស្រុកគោលដៅរបស់ខ្លួន បន្ទាប់ពីដង្ហែនៅក្នុងទីប្រជុំជនតាមដងផ្លូវសំខាន់ៗក្នុងខេត្តរួច។
ក្នុងរបាយការណ៍ស្វាគមន៍របស់ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់
ដំបង បានឲ្យដឹងថា គណៈកម្មការបានធ្វើការវាយតម្លៃ និងប្រកាសទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ហើយត្រូវបានរាជរដ្ឋាភិបាលពិនិត្យ និងចេញអនុក្រឹត្យ ប្រកាសទទួលស្គាល់ជ័យលាភីនៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ សម្រាប់ប្រចាំឆ្នាំ២០១៩ ក្នុងវិស័យអប់រំដល់វិទ្យាល័យពេជ្រចិន្តា ជាប់ចំណាត់ថ្នាក់លេខ១ ដោយភ្ជាប់ជាមួយរង្វាន់ថវិកាចំនួន២០០លានរៀល និងវិស័យសុខាភិបាលជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នូវចំណាត់ថ្នាក់លេខ៤។
លោកបន្តទៀតថា មន្ទីរបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារដោយស្មារតី និងការទទួលខុសត្រូវ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការកសាងធនធានមនុស្សឲ្យក្លាយទៅជាធនធានមនុស្សថ្មី ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ សម្រាប់ឆ្នាំ២០១៩-២០២៣ ដោយផ្តោតនូវគោលនយោបាយ និងគោលបំណងសំខាន់ៗចំនួន០២ គឺ ធានាការអប់រំឲ្យមានគុណភាពប្រកបដោយគុណធម៌និងបរិយាប័ន្ន និងការលើកកម្ពស់ឱកាសការសិក្សាមួយជីវិត និងទីពីរ គឺធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់និងរួមទាំងវិធានការនៃការអនុវត្តកំណែទម្រង់អាទិភាព១៥ចំណុច របស់ក្រសួងអប់រំយុវជន និងកីឡា និងដើម្បីឆ្លើយតប ទៅនឹងគោលដៅអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយចីរភាព។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវិនិយោគក្នុងវិស័យអប់សិក្សា តាមរយៈការផ្តល់កញ្ចប់ថវិកាជាតិពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ និងផ្តល់ថវិកាជាតិជាអាទិភាពលើសពីវិស័យសាធារណៈដទៃទៀត ដែលមកទល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាជាតិ ប្រមាណទ្វេជិត៣ដង សម្រាប់វិស័យអប់រំ។ ថ្លែងនៅមុនពិធីដង្ហែក្បួនពានរង្វាន់ជ័យលាភី ឯកឧត្តម ងួន រតនៈ ក៏បានសំណូមពរដល់គណៈគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំខេត្ត គ្រប់ការិយាល័យអប់រំស្រុក និងសហគមន៍ សនាគមមាតា-បិតាសិ ស្ស ព្រមទាំងបណ្តាអង្គភាពដៃគូ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមបន្តគាំទ្រ និងចូលរួមជួយអភិវឌ្ឍន៍សាលានេះ និងបណ្តាសាលាដទៃទៀត ឲ្យកាន់តែមានការរីកចម្រើនទៅមុខថែមទៀត។
ជាពិសេស សាលាដែលទទួលបានជ័យលាភី ដើម្បីបន្តរក្សាជ័យលាភីនៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ចំណាត់ថ្នាក់លេខ១នៅឆ្នាំក្រោយៗទៀត។ តាមរយៈនេះផងដែរ ឯកឧត្តមក៏បានក្រើនរំ លឹកដល់គ្រប់សាលាក្នុងការគ្រប់គ្រងសាលាហើយ លោកគ្រូ-អ្នកគ្រូ ជួយចែករំលែកបទពិសោធន៍ល្អៗជាគំរូទៅដល់បណ្តាសាលាដទៃទៀត ដើម្បីធ្វើឲ្យការបម្រើ និងផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងខេត្តបាត់ដំបង ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ឲ្យបន្តយកចិត្តទុកដាក់ថែមទៀត ចូលរួមក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ដោយធ្វើយ៉ាងរក្សាបាននូវចំណាត់ថ្នាក់ល្អសម្រាប់បន្តនៅឆ្នាំខាងមុខទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័សុខាភិបាលក្នុងខេត្ត ក៏ដូចជាវិស័យអប់រំខេត្តឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ធ.ដ
ដោយៈ អ៊ុក សំអាន










