និយ័តករអាជីវកម្មអចលនវត្ថុ ជូនដំណឹងដល់អ្នកទិញផ្ទះ ដែលត្រូវបានខាងបុរីរឹបអូស ទៅសម្របសម្រួលគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានជូនដំណឹងអតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ(ខុនដូ)ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ (ន.អ.ប.)ដើម្បីធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោង។

លិខិតជូនដំណឹងនេះ បានចេញកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ពោលគឺក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់និងស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់។

ក្នុងលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ទៀតថា អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣- ៧២៧ /០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌ- ប្ញស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ន.អ.ប. នឹងតាមដានព័ត៌មានពាក់ព័ន្ធនឹងកិច្ចការនេះតាមបណ្តាញ សង្គមផងដែរ។

ទាក់ទិនទៅនឹងបញ្ហានេះដែរ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ប្រមុខរដ្ឋាភិបាល បានចេញមុខអន្តរាគមន៍លើបញ្ហាបុរីរឹបអូសផ្ទះ ពីអតិថិជននិងបានលើកជាគន្លឹះមួយចំនួនទាក់ទងការទិញផ្ទះបង់រំលស់ជាមួយបុរីផងដែរ។

លោកសរសេរទៀតថា ការទិញផ្ទះ ដោយបង់រំលស់ផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គឺមានហានិភ័យខ្ពស់ណាស់ បើធៀបជាមួយការប្រើទិញតាមរយៈកម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ បញ្ហាប្រឈមរួមមាន ទី១ការបង់រំលស់ផ្ទាល់ជាមួយបុរីឬក្រុមហ៊ុន អតិថិជនមិនមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើផ្ទះនោះទេ ដូចនេះក្រុមហ៊ុនអាចយកផ្ទះគេវិញបានគ្រប់ពេលវេលា។ ខណៈការប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ អតិថិជនជាម្ចាស់កម្មសិទ្ធិលើផ្ទះដោយផ្ទាល់ ដូចនេះរាល់ការរឹបអូសផ្សេងៗ ត្រូវឆ្លងកាត់នីតិវិធី និងសាលក្រមពីតុលាការ ដោយតម្រូវឱ្យមានការលក់ឡាយឡុង ហើយប្រគល់ប្រាក់នៅសល់ជូនអតិថិជនវិញ។

«ទី២ការបង់រំលស់ផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន មិនមានការសិក្សាពីសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនទេ ខណៈកម្ចីតាមធនាគារឬមីក្រូហិរញ្ញវត្ថុមានការសិក្សាលម្អិតពីចំណូលនិងលទ្ធភាពសងរបស់អតិថិជន។ ដូចនេះ អតិថិជនងាយនឹងធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ឬឈានដល់បាត់បង់ផ្ទះតែម្តង ដូចដែលយើងឃើញក្នុងរយៈពេលថ្មីៗនេះ»។ លោក តុងងីបានបញ្ជាក់បន្ថែម។

លោកបានបន្ថែមទៀតថា ចំណុចទី៣ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានសមត្ថភាពពេញលេញ ក្នុងការជួយពិនិត្យលិខិតស្នាម ឬភាពស្របច្បាប់នៃផ្ទះ ឬអចលនទ្រពដែលអតិថិជនទិញ។ ខណៈជារើយៗ យើងសង្កេតឃើញគម្រោងមួយចំនួន មិនមានច្បាប់អាជីវកម្ម ឬមិនបានបំពេញលក្ខខណ្ឌស្របច្បាប់នៅឡើយ។ អតិថិជន នឹងមិនជួបបញ្ហាបែបនេះទេ បើគាត់ប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ទី៤ កម្ចីតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានយន្តការ និងការអនុវត្តច្បាប់ច្រើនក្នុងការការពារអតិថិជន ហើយប្រសិនបើអតិថិជនមិនពេញចិត្តដំណោះស្រាយនានាដាក់ចេញដោយគ្រឹះស្ថាន គាត់អាចប្តឹងទៅកាន់សមាគម ឬធនាគារជាតិនៃកម្ពុជា ដើម្បីសុំអន្តរាគមន៍ និងទី៥កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានអត្រាការប្រាក់ល្អជាងការបង់ផ្ទាល់ជាមួយក្រុមហ៊ុន ឬបុរី។

លោកបានបង្ហាញពីទស្សនៈរបស់លោកថា ៖«បញ្ហាដែលកើនឡើងនាពេលថ្មីៗនេះ អាចជាកញ្ចក់ឆ្លុះបញ្ចាំង និងមេរៀនដល់អតិថិជន ឱ្យមានការប្រុងប្រយ័ត្នជាងមុន ក្នុងការបង់រំលោះផ្ទះ ឬអចលនទ្រព្យដោយផ្ទាល់ពីបុរី ឬក្រុមហ៊ុន»៕ ដោយ៖ វណ្ណ សុជាតា

ads banner