ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នឹងប្រើអភិក្រមទី៥ ទៅលើមន្រ្តីណាដែលជាសាច់ស្អុយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន ព្រមាននឹងប្រើអភិក្រមទី៥ ទៅលើមន្រ្តីណាដែលជាសាច់ស្អុយ ដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម ប្រដាល់គុនខ្មែរ ឲ្យកាន់តែល្អ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលការថ្លែងបែបនេះធ្វើក្នុង ពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។

ឯកឧត្តម តែម ម៉ឺន បានព្រមានធ្ងន់ៗ ចំពោះសិក្ខាកាមដែលចូលរួមទាំងអស់ថា ចាប់ពីពេលនេះទៅសហព័ន្ធ នឹងធ្វើការត្រូវវះកាត់ កាត់សាច់ស្អុយចេញ ប្រសិនបើមន្រ្តីណាធ្វ់ការកាត់សេចក្តី ដោយមិនយុត្តិធម៌ មិនស្មោះត្រង់ បំផ្លាញអនាគតកីឡាករ។ ឯកឧត្តម វ៉ា ស៊ិនភារ្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិក បានស្នើឲ្យអាជ្ញាកណ្ដាល ចៅក្រមប្រដាល់គុនខ្មែរ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិន័យរបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោយពីទទួលបានបណ្ដុះបណ្ដាលនេះ យកទៅចែករំលែកបន្ត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានបញ្ជាក់ថា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូច្នេះអាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ នឹងក្លាយជាមន្រ្តីសម្រាប់កាត់សេចក្តី ។ ដូច្នេះហើយ លោកប្រធាននាយកដ្ឋាន សំណូមពរឲ្យប្រធានសហព័ន្ធប្រដាល់គុនខ្មែរជំរុញ មន្រ្តីដែលមានសមត្ថភាពចេះភាសា ទៅសិក្សាបន្ថែនៅក្រៅប្រទេស ឬអញ្ជើញគ្រូពីក្រៅប្រទេសមកបណ្ដុះបណ្ដាលក្នុងស្រុក សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ មានសិក្ខាកាមចូលរួមសរុប៦៧នាក់ ជាលទ្ធផលសិក្ខាកាម៩នាក់ ទទួលបាននិទ្ទេស A ១៧នាក់ ទទួលបាននិទ្ទេស B និង៣៨នាក់បានទទួលនិទ្ទេសC៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner