ធនាគារឯកទេស Wing ចាប់ដៃគូសហការជាមួយហាងលក់ទំនិញ Circle K ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួន
ភ្នំពេញ៖ វីងតែងតែទទួលបានជោគជ័យក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមទូរសព្ទចល័តល្អបំផុត ពីព្រោះវីងតែងតែចាប់ដៃគូជាមួយក្រុមហ៊ុនដែលប្រកបដោយទំនុកចិត្តដូចជា Circle K ជាដើម។ ការថ្លែងបែបនេះ ត្រូវបានលោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីង ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាមួយក្រុមហ៊ុនធី អេច ស៊ី វី អេស ខូអិលធីឌី ដែលនាំមកនូវផ្លាកសញ្ញ Circle K នៅថ្ងៃទី០៩ ខែសីហានេះ ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់វីង តាមរយៈបណ្តាញហាង Circle K នៅទូទាំងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា។
លោកបន្តថា តាមរយៈភាពជាដៃគូជាមួយ Circle K នេះ វីងបន្តប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងដើម្បីធានាបាននូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ផ្លាកសញ្ញាដ៏រឹងមាំ និងប្រកបដោយទំនុកចិត្តទាំងពីររួមគ្នា ដើម្បីបំពេញបន្ថែមនូវភាពខ្លាំង និងជំនាញរៀងៗខ្លួន ព្រមទំាងផ្តល់ភាពងាយស្រួលដល់អតិថិជននូវច្រកចេញចូលតែមួយ ក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគ្រិនទាំងឡាយ ដើម្បីភាពរីកចម្រើនអាជីវកម្មផ្ទាល់ខ្លួន។
លោកនាយកប្រតិបត្តិបន្ថែមថា ដោយទទួលស្គាល់ពីភាពស៊ីសង្វាក់គ្នារវាងផ្លាកសញ្ញាដែលត្រូវបានគេទទួលស្គាល់ទាំងពីរ Circle K នឹងដើរតួជាភ្នាក់ងារវីងដោយមានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយរបស់វីង នៅតាមបណ្តាហាង Circle K ក្នុងរយៈពេល២៤ម៉ោង និងជារៀងរាល់ថ្ងៃ។ អតិថិជនអាចគ្រប់គ្រងរាល់ការទិញទំនិញ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមរយៈភាពងាយស្រួល និងសុវត្ថិភាពនៃទូរសព្ទចល័ត និងគណនីវីង និងភាពងាយស្រួលនៃប្រព័ន្ធទូទាត់តាម QR ដោយ WingPay នៅពេលដែលទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ពិភពលោក ។
លោក កែវ ដេននីស អ្នកគ្រប់គ្រងទូទៅ នៃហាងលក់ទំនិញ Circle K បានបញ្ជាក់ថា យើងមានសេចក្តីរីករាយក្នុងការបង្កើនវត្តមានរបស់យើងនៅកម្ពុជា ជាមួយដៃគូដូចជាធនាគារឯកទេសវីង។ លោកបន្តថា ក្រុមហ៊ុនរបស់លោកនឹងចែករំលែកគោលដៅរួមមួយ ដើម្បីបម្រើអតិថិជនជាមួយផលិតផល និងការផ្តល់ជូនដ៏ល្អបំផុត ក៏ដូចជាចូលរួមចំណែករបស់យើង ដើម្បីពង្រីកឱកាសសេដ្ឋកិច្ចដល់អ្នកដែលមិនមាន។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការសង្ឃឹមខ្ពស់សម្រាប់ប្រទេសកម្ពុជា ហើយជាមួយវីង យើងនឹងផ្តល់ភាពកាន់តែងាយស្រួល ដើម្បីទទួលបានផលិតផលរបស់យើង និងផ្តល់មធ្យោបាយមួយផ្សេងទៀត ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុ៕ធ.ដ




