អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ យើងប្តេជ្ញានឹងពន្លឿន ការអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅក្រុងព្រះសីហនុឱ្យលឿន
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្តេជ្ញាចិត្ត ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីឱ្យក្លាយជាកំពង់ផែទឹកជ្រៅដែលមានសក្តានុពលមួយរបស់កម្ពុជា។ការអះអាងបែបនេះនៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
ឯកឧត្តម លូ គឹមឈន់ មានប្រសាសន៍ថា លោកប្តេជ្ញាចិត្តដោយជាក់លាក់ក្នុងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំនិងបុគ្គលិក កម្មករកំពង់ផែថានឹងជំរុញល្បឿនអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅដែលមានសក្តានុពលមួយរបស់កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើពាណិជ្ជកម្មសម្រាប់តំបន់មេគង្គនិងពិភពលោកទាំងមូលស្របតាមស្មារតីជំនួបពិភាក្សារបស់នាយករដ្ឋមន្ត្រីទាំងពីរប្រទេស ជប៉ុន-កម្ពុជា កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅ។ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ នឹងជំរុញឱ្យការដឹកជញ្ជូនឆ្លងកាត់កំពង់ផែព្រះសីហនុ កាន់តែមមាញឹក មានលក្ខណៈងាយស្រួល និងចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចំរើនថែមទៀត កំពង់ផែតាមរយៈជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាង់សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត ។

បើតាមឯកឧត្តម លូ គឹមឈន់ ក្នុងរយៈពេលប្រាំឆ្នាំ គឺចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង១០ភាគរយ។ដោយសារមានការកកស្ទះទំនិញនេះហើយ ទើបកំពង់មានគម្រោងអភិវឌ្ឍន៍និងពង្រីកចំណតកំពង់ផែ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបធ្វើឱ្យមានការយឺតយ៉ាវ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១២ និងកប៉ាល់ចំនួនចន្លោះពី១៦ទៅ១៨កប៉ាល់ ដែលតែងតែធ្វើការចេញចូលកំពង់ផែ ជាទៀងទាត់។
ឯកឧត្តមបានបន្ថែមថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ តម្លៃគម្រោង ២០៣ លានដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤.៥ម៉ែត្រ ដែលត្រូវបានអនុញ្ញាត ៩៣ភាគរយ នៃនាវាកុងតឺន័រ អ៊ី ដែលមានសមត្ថភាពផ្ទុក៤,០០០TEUs (៦០,០០០DWT) ចូលកំពង់ផែក្រុងព្រះសីហនុ។ ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាល ឆ្នាំ ២០២៦ ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជាអាចប្រៀបធៀបជាមួយប្រទេសជិតខាងបានដោយសមត្ថភាពរបស់វាអាចឱ្យកុងទីន័រ ៤៥០,០០០TEUs ក្នុងមួយឆ្នាំ។

ដោយឡែកការសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី២ ដែលមានប្រវែង៤០០ម៉ែត្រ និងជម្រៅ ១៦.៥ម៉ែត្រដែលមានសមត្ថភាពផ្ទុកកុងតឺន័រ១០ ០០០TEUs ដើម្បីទទួលកប៉ាល់ទៅកាន់/ពីតំបន់ឥណ្ឌា និងប៉ាស៊ីហ្វិកទាំងមូល នឹងត្រូវដំណើរការនៅឆ្នាំ ២០២៨ ។ សមត្ថភាពរបស់វាគឺអាចផ្ទុកកុងទីន័រ ៥៧០ ០០០TEUs ក្នុងមួយឆ្នាំ។ ចំណែកដំណាក់កាលទី៣ មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅ -១៧.៥ម៉ែត្រ មានសមត្ថភាពផ្ទុកកុងទីន័របាន ១៥ ០០០TEUs នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៩ ដែលនឹងទាក់ទាញខ្សែដឹកជញ្ជូនដោយផ្ទាល់ជាមួយអឺរ៉ុប និងអាមេរិកខាងជើង កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពីមកកម្ពុជាមានសមត្ថភាពរបស់វាគឺ ៦១៧ ០០០ TEUs ក្នុងមួយឆ្នាំដែលអាចនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕