រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ត្រូវបាន ជ្រើស តាំងជាសមាជិកកិត្តិយស “ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើ សាកលលោក” នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិបឆ្នេរសមុទ្រ ដែលស្អាត បំផុតលើសាកលលោកនាឯទីក្រុងអ័រតា(Horta)នៅប្រទេសព័រទុយហ្កាល់ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ខែឧសភាឆ្នាំ២០២៣។
ក្រសួងទេសចរណ៍នៅថ្ងៃទី ១០ ខែមិថុនានេះ ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក ល្វី ថេបូ (Louis Thebault)ប្រធានក្លិបនិងលោក កាឡូស ហ្វ៊ែរេរ៉ា (Carlos Ferrera) អភិបាលក្រុងអ័រតា និងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាភិបាលក្លិប ដែលជាអគ្គលេខាធិការ អគ្គនាយក អនុ ប្រធាន ក្លិបទទួលបន្ទុកទ្វីបទាំង៤ និងអគ្គហិរញ្ញឹកក្លិប។

ក្រសួងទេសចរណ៍បន្តថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ ជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និង បទបញ្ជា ផ្ទៃក្នុងក្លិប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការ ផ្សព្វផ្សាយ តួនាទីក្លិបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហា សន្និបាតក្លិបលើកទី១៧ នៅឆ្នេរសមុទ្រយោស៊ូ (Yeosu) ប្រទេសកូរ៉េ ខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។
ប្រភពដដែលបានឱ្យដឹងថា អង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ទក្នុងការ ជ្រើស តាំងឥស្សរជនចំនួនបីរូប ដែលមានស្នាដៃឆ្នើមជាសមាជិកកិត្តិយសរបស់ក្លិប (Membre d’Honneur) ដែលរួមមាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា លោក អាប់ឌុលឡាយ៍ សេណេ (Abdoulaye SENE) ទីប្រឹក្សាប្រធានាធិបតីសេណេហ្កាល់ មកពីឆ្នេរសមុទ្រ ស៊ីណេសាលុម (Sine Saloum) ប្រទេសសេណេហ្កាល់ និង លោក អ៊ីវេស បូរី (Yves Borius) អតីតនាយកហិរញ្ញវត្ថុអង្គការ OCDE មកពីឆ្នេរសមុទ្រ ម័រប៊ីហាន (Morbihan) ប្រទេសបារាំង។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា បច្ចុប្បន្ន ក្លិបមានសមាជិកកិត្តិយសតែ២ រូបប៉ុណ្ណោះ គឺលោកស្រី ម៉ាយឃើល ផូលី (Michelle Pauly) មកពីឆ្នេរ សមុទ្រ Somme ប្រទេសបារាំង និងលោក ហ្ស៊ូរីកា ក្រាវុក (Zorica Kravuk) ជនជាតិក្រូអាស៊ី។ក្នុងន័យនេះ លោករដ្ឋមន្រ្តី គឺជាឥស្សរជន ជនជាតិអាស៊ីដំបូងនិងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លិប សម្រេច ជ្រើសតាំងជា សមាជិកកិត្តិយសរបស់ក្លិប ដែលជាការទទួលស្គាល់ ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាព ដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២( SEA GAME) នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លិប ដែលមកពីទ្វីបទាំងបួនលើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាព អស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់លោក ប៊្រុយណូ បូដា (Bruno Bodard) ក្នុងពិធីបើកព្រឹត្តិការណ៍ និងការ ទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោក សុទ្ធតែបានចុះផ្សាយនិងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ។
ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ ១៩៩៧ នាទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លិបនេះ មានទី ស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញ សិទ្ធិក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លិប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេស សេណេហ្គាល់។
ជាមួយគ្នានេះ កម្ពុជាក៏បានរៀបចំពិធីបុណ្យសមុទ្រកម្ពុជាលើកទី៩ ជុំទី៣ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាទិសនិរតីប្រទេស លើទឹកដី ខេត្តព្រះសីហនុ ខណៈដែលពិធីនេះ ត្រូវបានរៀបចំលើកដំបូងកាលពី ឆ្នាំ២០១១នៅខេត្តព្រះសីហនុ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែល ស្អាត ជាងគេលើសាកលលោក៕ ដោយ៖ គឹម យុត្ថារ៉ូ