គិតចាប់ពីខែធ្នូ ឆ្នាំ២០២២  មកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាដាំកូនឈើសរុបចំនួន២២.៩៦៣ ដើម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតចាប់តាំងពីខែធ្នូឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាន​ដាំកូនឈើសរុបបាន​​ចំនួន២២.​៩៦៣​ដើម និងដាំ​ស្មៅ​បាន​ចំនួន ២៧.៤៨១ម៉ែត្រការ៉េ ​ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងនិងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមប្រភពអាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី​១០ ខែមិថុនាឆ្នាំ២០២៣។

អាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹង​ថា ចំនួនស្មៅ និង​ដើមឈើដែល​បាន​ដាំ​នេះ ​ធ្វើឡើង​ក្រោមកិច្ចសហការ ជាមួយនឹង​ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានាផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានៅថ្ងៃទី​១១ ខែមិថុនាបាន​ប្រាប់​ឱ្យដឹងថា  កា​រងារដាំដើមឈើ និងស្មៅ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងដែលពលរដ្ឋបានរើ​ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពា​ក់​ស្នែង ដើម្បីបង្កើនទេសភាពបៃតង គឺជាកិច្ចការងារដែលអាជ្ញាធរជាតិអប្សរាធ្វើជាប្រចាំថ្ងៃ។

លោកបាន​បន្តថា  អាជ្ញាធរជាតិអប្សរាបាន​ដាំដើមឈើ និងស្មៅទាំងនេះ​ មិនទាន់ចប់នោះទេ គឺនឹងនៅមានផែនការបន្តពង្រីកា​រដាំ​បន្ថែមទៀត ​ពិសេស​ត្រូវដាំនៅទីតាំងដែលប្រជាពលរដ្ឋរើទៅតំបន់អភិវឌ្ឍន៍រុនតាឯង និងតំបន់ពាក់ស្នែង ព្រោះទីតាំ​ងបរិវេណនេះ មានវិសាលភាពធំ​​ ហើយ​ទោះជាមិនមា​នរៀបចំពិធីដាំ ក៏ខាងយើង​នៅតែមានការដាំជាបន្តបន្ទាប់ដែរ​ ។

ជាមួយគ្នានេះ​ឯកឧត្តម ឡុង កុសល ក៏បានអំពាវនាវដល់វិស័យឯកជននិងអង្គការដៃគូ​នានា​មកចូលរួមដាំ​ដើមឈើនិងស្មៅនៅក្នុងតំបន់អង្គរនេះ​បន្ថែមទៀតដើម្បីប្រែក្លាយឱ្យទៅជាតំបន់បៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត​។

បើតាមឯកឧត្តម ឡុង កុសល ដើមឈើដែលបានដាំនៅទីតាំងទាំង​នេះ ​ជាការផលិតដោយអាជ្ញាធរ​ជាតិអប្សរា និងជាប្រភេទឈើ​ចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា រីឯស្មៅ ត្រូវបានទិញពីគេយកមកដំា​។ 

​សូម​រម្លឹកដែរថា អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋា​នប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី-អង្គរ (ICC-Angkor)កាល​ពី​ថ្ងៃទី១០ ខែមិថុនា ដែល​ដឹកនាំដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសីល្បៈ ​បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត ៥០០ ដើម ស្ថិតនៅបរិវេណខាងត្បូង​ឆៀងខាងលិចប្រាសាទអង្គរវត្ត ​ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចកក្រុងសៀមរាប។

ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ​ ធី បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​១១ ខែមិថុនាដែរថា​ ទីតាំងដែលអាជ្ញាធ​រជាតិអប្សរាបានដាំដើមឈើ និងស្មៅ​ នាពេលបច្ចុប្បន្ននេះ មានទេសភាពស្រស់ស្អាត និងស្រស់បំព្រង​គួរជាទីមោទនៈ។លោកបន្តថា ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានអារម្មណ៍ភ្លឺថ្លា ពេលមកលេងតំបន់រមណីដ្ឋានអង្គរ ជាពិ​សេស ពួកគេគាំទ្រអាជ្ញាធរជាតិអប្សរាចំពោះការដាំដើមឈើ និងស្មៅ ឱ្យបានច្រើនថែមទៀត​ នៅក្នុតំបន់នេះ ដើម្បីប្រែក្លាយទៅជាតំបន់បៃតង ព្រោះភាគច្រើននៃភ្ញៀវទេសចរ ស្រឡាញ់ព្រៃឈើ និងស្មៅ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner