ភ្លៀងធ្លាក់ខ្លាំងជោកជាំនៅប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងតិច ២៥ នាក់
អ៊ីស្លាម៉ាបាដ៖ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជោកជាំដោយបានវាយលុកនៅតំបន់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១០ខែមិថុនាដែលបណ្ដាលឱ្យផ្ទះសម្បែងបានបាក់រលំនិងធ្វើឱ្យមនុស្សយ៉ាងហោចណាស់២៥នាក់ស្លាប់ និង១៤៥ នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
យោងតាមមន្ត្រីផ្នែកជួយសង្គ្រោះជាន់ខ្ពស់លោក Khater Ahmed បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងព្រិល បានវាយប្រហារស្រុកមួយចំនួននៃខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃសៅរ៍កន្លងមកនេះ។ លោកបានបន្តថា ក្រុមមន្ត្រីកំពុងធ្វើការដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នករបួសផងដែរ។
ចំណែកឯនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif បានសម្តែងការសោកសៅពីការស្លាប់របស់ប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិនេះហើយបានបញ្ជាឱ្យអាជ្ញាធរបង្កើនល្បឿននៃប្រតិបត្តិការសង្គ្រោះ។ បន្ថែមពីនេះផងដែរ លោក Sharif ក៏បានបញ្ជាឲ្យមន្ត្រីដាក់វិធានការបន្ទាន់នៅនឹងកន្លែង ខណៈព្យុះស៊ី ក្លូន Biparjoy បានបក់បោកពីសមុទ្រ អារ៉ាប់ទៅភាគខាងត្បូងនៃប្រទេសនេះ។
សូមបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសអាស៊ីខាងត្បូងដែលរងគ្រោះខ្លាំងបំផុត ដោយសារគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងអាកាសធាតុ ដែលកាន់តែអាក្រក់ទៅៗដោយសារការប្រែប្រួលអាកាសធាតុនេះ។
កាលពីចុងខែមុនមនុស្សជាង ១០ នាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់ដោយសារ ការបាក់ផ្ទាំងទឹកកក ក្នុងអំឡុងពេលមានព្រិលធ្លាក់ខុសប្រក្រតីនារដូវក្តៅនេះ។ កាលពីឆ្នាំមុនដែរ ប៉ាគីស្ថានបានរងគ្រោះដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង និងការបាក់ផ្ទាំងទឹកកក។
ទឹកទំនន់ដែលជោរជន់លើផ្ទៃដី ១ភាគ៣ របស់ប្រទេស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ៧៣៩ នាក់ រួមទាំងកុមារ ៦៤៧ នាក់ និងប៉ះពាល់ដល់មនុស្ស ៣៣ លាននាក់៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព: Dozens dead as heavy rains hit Pakistan https://www.aljazeera.com/news/2023/6/10/dozens-dead-as-heavy-rains-hit-pakistan