ប្រជាជនស៊ីរីប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈប្រើប្រាស់ ដើម្បីចិញ្ចឹមជីវិត
ប្រជាជនស៊ីរីបាននាំគ្នាប្រមែប្រមូលកាកសំណល់ប្លាស្ទិកយកទៅលក់អោយអ្នកកែច្នៃឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅឯទីតាំងចាក់សំរាមមួយកន្លែង ស្ថិងនៅភាគពាយព្យប្រទេសស៊ីរី ប្រជាជនទាំងចាស់ និងក្មេងជាច្រើនបាននាំគ្នាប្រមែប្រមូលកាកសំណល់ប្លាស្ទិកយកទៅលក់អោយអ្នកកែច្នៃឡើងវិញ ហើយផ្លាស់ប្តូរពួកវាទៅជាកម្រាលឥដ្ឋ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។
នៅក្នុងកន្លែងរើសអេតចាយធំមួយនៅជាប់វាលកសិកម្ម កម្មករបានតម្រៀបសំរាមប្លាស្ទិកជាគំនរតាមពណ៌។ បន្ទាប់មក គេកាត់វាជាដុំតូចៗ រួចលាង ហើយរំលាយទៅជាបន្ទះប្លាស្ទិកសម្រាប់ប្រើប្រាស់។ ក្នុងតំបន់ត្រួតត្រាដោយពួកឧទ្ទាមនៅស៊ីរី ការកែច្នៃឡើងវិញគឺជារឿងដ៏កម្រ ទោះវាជាកម្លាំងចលករជំរុញការពារបរិស្ថានក៏ដោយ ប៉ុន្តែជារឿងល្អសម្រាប់អ្នករស់នៅខ្វះខាត ដែលកំពុងស្វែងរកការងារ ឬរបស់របរដែលពួកគេមិនមានលទ្ធភាពទិញ។
សូមរម្លឹកថា ជម្លោះនៅស៊ីរីបានសម្លាប់មនុស្សជាង ៥០០,០០០នាក់ ហើយប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងក្នុងឆ្នាំ ២០១១។ ដោយឡែកមនុស្សជាង ៤លាននាក់ ដែលភាគច្រើនពឹងផ្អែកលើជំនួយនោះ រស់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមជីហាដ និងក្រុមគាំទ្រដោយតួកគី នៅភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសស៊ីរី៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា



