កម្ពុជា និងចិននឹងជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ រវាងប្រទេសទាំងពីរលើផ្នែកគយ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាពគ្នាលើការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងជំរុញការរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window) រវាងរដ្ឋបាលគយទាំងពីរ ។
ការឯកភាពគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថា្នក់ដឹកនាំរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។ កិច្ចប្រជុំនេះដែរ ក៏មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគយស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលកន្លងមក។
តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មនិងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើយយោងតាមនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរត្រូវសហការគ្នាឱ្យបានសកម្ម ជាពិសេសក្នុងការអនុវត្តឱ្យរលូន និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននិងកិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាជាបន្តបន្ទាប់ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបានឯកភាពគ្នាលើរបៀបវារៈសំខាន់ៗដូចជា ការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន ។
ឯកឧត្តម គុណ ញឹម បានបន្ថែមដែរដោយជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) រវាងរដ្ឋបាលគយទាំងពីរ និងសហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែននានាដូចជាការរត់ពន្ធគ្រឿងញៀន ទំនិញហាមឃាត់ និងការជួញដូរសត្វព្រៃជិតផុតពូជជាដើម (CITES) ដោយត្រូវបង្កើតចំណុចទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលាផងដែរ។
«ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(E-Certificate of Origin) ដើម្បីពន្លឿនការបំពេញបែបបទគយ, ការពិភាក្សាពីការអនុវត្តរួមគ្នានូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម, សហការផ្លាស់ប្ដូរបទពិសោធនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ រួមទាំងការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការប្រតិបត្តការគយក្នុងកម្រិតតំបន់ និងពិភពលោក»។ នេះបើតាមការបញ្ជាក់បន្ថែមពី ឯកឧត្តម គុណ ញឹម។
ជាមួយគ្នានោះដែរខាងគយកម្ពុជា ក៏បានស្នើរដ្ឋបាលគយចិនផ្ដល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ខណៈដែលរដ្ឋបាលគយចិន បង្ហាញនូវការគាំទ្រចំពោះសំណើនេះ និងស្នើឲ្យគយកម្ពុជាលើកតម្រូវការជាក់លាក់តាមរយៈនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិនៃរដ្ឋបាលគយទាំងពីរ ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគយទាំងពីរនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ការបង្កើនភាពស្និទ្ធស្នាលបន្ថែម ក្នុងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេស នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងគ្នាកាន់តែប្រសើរឡើងថែមទៀត។
លោកបានប្រាប់ដូច្នេះថា ៖ «ដូចយើងដឹងស្រាប់ហើយ ប្រទេសចិននិងកម្ពុជា មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងការនាំចេញផលិតផលរបស់កម្ពុជាយើងទៅចិនក៏មិនតិចដែរ ជាពិសេសផលិតកសិកម្ម។ ហេតុដូចនេះ នៅពេលដែលមានការសម្របសម្រួលគ្នាលើលក្ខខណ្ឌកាន់តែច្រើន ការនាំចេញរបស់យើងទៅចិន ក៏មានកំណើនទៅតាមនោះដែរ»៕
ដោយ៖វណ្ណ សុជាតា


