ផ្ទុះរថយន្តដឹកប្រេងបណ្តាលអោយបាក់ស្ពានអាកាសមួយនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ស្ពានអាកាសនៅលើផ្លូវហាយវេដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិក បានដួលរលំ នៅថ្ងៃទី១១ ខែឧសភា ដោយសារតែរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅក្រោមវា។

អាជ្ញាធរបានរាយការណ៍ថា មានរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងទីក្រុងហ្វីឡាដែលហ្វី រដ្ឋផែនស៊ីលវ៉ានៀ ស្ថិតនៅក្រោមស្ពានអាកាស នៃផ្លូវហាយវេដ៏មមាញឹកបំផុតមួយ បណ្តាលឱ្យស្ពានអាកាសនោះដួលរលំ ប៉ុន្តែមិនមានមនុស្សស្លាប់ ឬរងរបួសទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលីសនៅទីក្រុងហ្វីឡាដែលហ្វី ក៏ដូចជាការិយាល័យប្រឆាំងគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងជាតិផ្ទុះ (ATF) បាននឹងកំពុងស្វែងរកអ្នកបើកបររថយន្ត ដែលពាក់ព័ន្ធនឹងអគ្គីភ័យនេះ។ អាជ្ញាធរបាននិយាយថា ការស្ថាបនាផ្លូវហាយវេនេះឡើងវិញ អាចនឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍។

ជាមួយគ្នានេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក ផេត បាត់ធីហ្គីត បាននិយាយថា រថយន្តដែលឆេះនៅក្រោមស្ពាននោះ គឺជារថយន្តដឹកប្រេង បន្ទាប់ពីនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រកាសរួចហើយថា វាជាហេតុការណ៍គ្រោះថ្នាក់មួយ។

លោក បាត់ធីហ្គីត បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ផ្លូវហាយវេនេះ គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ការធ្វើចរាចរណ៍របស់មនុស្ស និងទំនិញ ហើយការបិទផ្លូវនេះដើម្បីជួសជុល អាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីក្រុង និងតំបន់។

លោកថា ក្រសួងដឹកជញ្ជូនអាមេរិកនឹងផ្តល់ជំនួយចាំបាច់នានា ដើម្បីជួយដល់ការសាងសងស្ពានអាកាស និងផ្លូវហាយវេនេះឡើងវិញអោយបានឆាប់រហ័ស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner