ឯកឧត្តម ជា ចាន់តូ អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្ស ដែលបម្រើបងប្អូនស្រឡាញ់ពេញចិត្ត
ខេត្តកំពង់ធំ៖ ក្នុងពិធីបុណ្យឆ្លង ព្រះវិហារវត្តបារាយណ៍ជាន់ដែក ដែលមានអាយុកាល១២១ឆ្នាំ នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនពិតប្រាកដ និងជួយទុក្ខធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន ។

ឯកឧត្តម បន្តថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនក្នុងពិធីនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿ និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា ហើយ បានបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជន ជាពិសេស នៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាដើម ។

ឯកឧត្តមបន្តថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ។ ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា គ្មានគណបក្សណាមានគោលនយោបាយល្អ និងដម្កល់ផលប្រយោជន៍ជាតិ ប្រជាជនជាងគណបក្សប្រជាជនកម្ពុជានោះទេ ៕



អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត