ការពិនិត្យ និងព្យាបាលជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ
កំពង់ស្ពឺ៖ ក្រុមកាងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង៥ ០០០នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្រុមគ្រូពេទ្យបានអនុវត្តជូនពលរដ្ឋចំនួន៥ ៧១៨ នាក់ ដែលការពិនិត្យ និងព្យាបាលជំងឺនេះ ត្រូវបានធ្វើឡើង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ភ្នំជាល។

ឯកឧត្តមបានរំលេចពីលទ្ធផលសកម្មភាពមនុស្សធម៌នេះថា រយៈពេល១១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ២ ធ្នូ ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យចំនួន ១២០ ៦៩ នាក់ បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១ ០៧៦លើក រួចមកហើយ»។ក្នុងនោះក្រុមគ្រូពេទ្យបានព្យាបាលជំងឺបានចំនួនជាង ១១.៧៧០.០០០នាក់ ដែលក្នុងចំណោមនោះ មានស្ត្រី ជាងប្រាំមួយលាននាក់ផងដែរ។

ឯកឧត្តម លេង ផាលី បានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លើសពីនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៤ ៦០០ នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃដោយបានចាក់ជូនប្រជាពលរដ្ឋបានប្រមាណជាង ១០លាន ដូស ក្នុង២៥រាជធានី-ខេត្ត។

យោងតាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសំរោងទង បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលតែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃនេះ។
សូមបញ្ជាក់ដែរថា ចំនួនប្រជាពលរដ្ឋដែលត្រូវបានពិនិត្យ និងព្យាបាលនេះ បើគិតសេវាជាមធ្យមប្រជាពលរដ្ឋក្នុងម្នាក់ត្រូវចំណាយថវិកាអស់ ៥០ដុល្លារ ដែលត្រូវចំណាយទាំងអស់ប្រហែលជាង ៥៨៨ លានដុល្លារអាមេរិក៕

ដោយ៖បូរ ពេជ្រហ្សាលីន