ក្រសួងបរិស្ថានធ្វើជំរឿនសត្វត្មាតក្នុងប្រទេសកម្ពុជា (Video Inside)

ក្រសួងបរិស្ថានបានធ្វើជំរឿនសត្វត្មាតនៅក្នុងទីតាំងអភិរក្សចំនួន៣ដោយរកឃើញថាមានចំនួនសត្វត្មាត១៣១ក្បាល។ សត្វត្មាតគឺជាប្រភេទសត្វដែលមនុស្សមិនសូវចូលចិត្តឡើយ ដោយសារវាស៊ីសាកសពស្អុយជាអាហារ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះថា ជំរឿនសត្វត្មាតទាំង១៣១ក្បាលនោះ គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំ ដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។

លោកបានថ្លែងបន្តថា ក្នុងចំណោមសត្វត្មាត ដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នោះ រួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។

ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានចំនួន៩៣ ក្បាល, ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ មានចំនួន ៣១ក្បាល និងនៅក្នុងព្រៃទឹកលិចទន្លេមេគង្គ ក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្ម ភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតគឺជាសត្វស្លូត និងជាអ្នកដែលសម្អាត បរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។

ក្រសួងបរិស្ថានបានពន្យល់ថា ដោយសារតែត្មាតវាស៊ីសាច់សត្វដែលងាប់ស្អុយ រលួយ ដូច្នេះវាបានកាត់បន្ថយនូវបាក់តេរី មេរោគនានា ដែលចេញពីសាកសព ហូរ ចូលទៅក្នុងទឹក ឬទៅក្នុងខ្យល់ ដែលអាចចំលងជំងឺដោយមនុស្សឬសត្វផ្សេងៗបាន។

ads banner