លោក ប្លីងគែន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នាចុងសប្តាហ៍នេះ ចំពេលសហរដ្ឋអាមេរិក-ចិនមានភាពតានតឹង

ប៉េកាំង៖ ប្រមុខការទូតចិន និងសហរដ្ឋអាមេរិក បានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១៤ ខែមិថុនា ដែលនេះជាកិច្ចពិភាក្សាកម្រិតខ្ពស់បំផុត សម្រាប់សកម្មភាពការទូតរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ នៅមុនពេលលោក ប្លីងគែន ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។

ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានព្រមានថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រឈមមុខជាមួយឧបសគ្គ និងបញ្ហាប្រឈមថ្មីៗ ចាប់តាំងពីដើមឆ្នាំនេះ។ វាច្បាស់ណាស់ថា ពួកវាត្រូវបានបង្កឡើងដោយភាគីខាងណា។

លោក កាង បន្ថែមថា ប្រទេសចិនតែងតែគិតគូរ និងគ្រប់គ្រងទំនាក់ទំនងរវាងចិន-អាមេរិក ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក, ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាតស្រូ មីល្លឺ បាននិយាយថា លោក ប្លីងគែន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងការគិតខុស និងជម្លោះ។

លោក ប្លីងគែន ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់ទំនាក់ទំនងការទូត ដើម្បីលើកឡើងពីបញ្ហាទុក្ខកង្វល់ ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ត្រូវបានគេរំពឹងថា ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ ជាការបំពេញទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រមុខការទូតកំពូលអាមេរិកទៅកាន់ប្រទេសចិន ចាប់តាំងពីអ្នកកាន់តំណែងមុនរបស់លោក គឺលោក ម៉ៃ ប៉ុមប៉េអូ កាលពីខែតុលា ឆ្នាំ២០១៨៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner