សហរដ្ឋអាមេរិករារាំង Microsoft ទិញយកក្រុមហ៊ុនផលិតហ្គេមដ៏ល្បីមួយ
វ៉ាស៊ីនតោន៖ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានដាក់ចេញដីកាផ្អាកបណ្តោះអាសន្នមួយ ទៅកាន់តុលាការរដ្ឋកាលីហ្វ័រញ៉ា ដើម្បីរារាំងក្រុមហ៊ុន Microsoft ពីការទិញយកក្រុមហ៊ុនផលិតហ្គេម Activision Blizzard ដែលគ្រោងធ្វើឡើងនៅខែក្រោយនេះ។
ក្រុមហ៊ុន Microsoft បានប្រកាសពីកិច្ចព្រមព្រៀងទំហំ ៦៩ពាន់លានដុល្លារកាលពីខែមករា ឆ្នាំ២០២២ ក្នុងការទិញយកក្រុមហ៊ុនផលិតហ្គេម Activision Blizzard ដើម្បីពង្រីកអាជីវកម្ម Metaverse របស់ខ្លួន។ Activision Blizzard ជាក្រុមហ៊ុនផលិតហ្គេមដ៏ពេញនិយមមួយ មានដូចជាហ្គេម “World of Warcraft” និង “Call of Duty” ជាដើម។
អាជ្ញាធរប្រឆាំងនឹងការរំលោភលើទំនុកចិត្តនៅជុំវិញពិភពលោក កំពុងត្រួតពិនិត្យថាតើការទិញ-លក់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មហ្គេមដែរឬទេ។ សូមបញ្ជាក់ថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានប្តឹងជំទាស់ក្រុមហ៊ុន Microsoft កាលពីខែធ្នូឆ្នាំមុន ដើម្បីទប់ស្កាត់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Activision Blizzard។
ចំណាត់ការចុងក្រោយនេះ ស្វែងរកដីកាដើម្បីបញ្ឈប់ការទិញ-លក់ នៅមុនថ្ងៃផុតកំណត់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ។ ទោះបីជាយ៉ាងណា ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ក្រុមហ៊ុនមានទំនុកចិត្តលើកិច្ចព្រមព្រៀងទិញ-លក់របស់ខ្លួន ហើយទន្ទឹងរង់ចាំបង្ហាញវាជាផ្លូវការ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

