ក្រសួងទេសចរណ៍កម្ពុជា រៀបចំអាហារស្វាគមន៍ជូនគណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត, ប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង

ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើតនិង ប៉ាស៊ីហ្វិក និងគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) ក្រសួងទេសចរណ៍ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបអាហារស្វាគមន៍ (Welcome Dinner) សម្រាប់គណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

គួរជម្រាបដែរថា គណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង នឹងចូលរួមកិច្ចប្រជុំសំខាន់ៗដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក លើកទី៥៥, កិច្ចប្រជុំគណៈកម្មការ តំបន់អាស៊ីខាងត្បូង អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពី ក្រមអន្តរជាតិសម្រាប់ការការពារទេសចរ និងកិច្ចប្រជុំតុមូលសមាជិកសម្ព័ន្ធអង្គការទេសចរណ៍ពិភពលោក ចាប់ពីថ្ងៃទី១៥-១៧ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

នាឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកទាំងអស់ដែលបានជ្រើសរើស និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃប្រព្រឹត្តការណ៍នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំកម្មវិធីពិសាអាហារស្វាគមន៍ (Welcome Dinner) ប្រកបដោយមហាកិត្តិយសជូនដល់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក រដ្ឋមន្រ្តី អនុរដ្ឋមន្ត្រីទេសចរណ៍ ក៏ដូចជាគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ នៅក្នុងឱកាសដែលកម្ពុជាកំពុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ព្រមទាំងសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជាផងដែរ ដែលការចូលរួមពីប្រទេសចរណ៍ចំនួន ៣២ រាប់បញ្ចូលទាំងអង្គការ និងដៃគូអង្គការទេសចរណ៍ពិភពលោក។

នារាត្រីដ៏សែនមនោរម្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កម្មវិធីពិសាអាហារនាពេលនេះជាកម្មវិធីនៃការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក អង្គការដៃគូរ ព្រមទាំងសមាជិកសម្ព័ន្ធអង្គការទេសចរណ៍ផងដែរ ឲ្យកាន់តែប្រសើរឡើង ដើម្បីស្តារ និងអភិវឌ្ឍទេសចរណ៍តំបន់ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរឡើង។

ឯកឧត្តមសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ អនុស្សាវរីយ៍ល្អៗ និងមិនអាចបំភ្លេចបានអំពីកម្ពុជា ជាពិសេសទឹកដីរាជធានីភ្នំពេញដ៏បវរនេះផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner