ករណីឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនសង្ហិបុរី ធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ១៩៩៨
សង្ហិបុរី៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលសង្ហិបុរី (MOH) ក្នុងខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញថា ប្រព័ន្ធភាពស៊ាំថ្មីរបស់មនុស្សជាមួយមេរោគអេដស៍ (HIV) សរុបចំនួន ២០២ករណី ត្រូវបានរកឃើញនៅក្នុងចំណោមប្រជាជនសិង្ហបុរីកាលពីឆ្នាំមុន។
ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានធ្លាក់ចុះជាលើកទីបីជាប់ៗគ្នា ហើយជាចំនួនទាបបំផុត ដែលត្រូវបានរាយការណ៍ចាប់តាំងពីឆ្នាំ ១៩៩៨ នៅពេលដែលមានករណីឆ្លងត្រឹមតែ ១៩៩ករណីប៉ុណ្ណោះ។ ករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ២៥០ករណី ត្រូវបានរកឃើញក្នុងឆ្នាំ២០២១, ២៦១ករណីក្នុងឆ្នាំ២០២០ និង៣២៣ករណីក្នុងឆ្នាំ២០១៩។ភាគច្រើននៃករណីឆ្លងមេរោគអេដស៍ក្នុងឆ្នាំ២០២២ គឺពាក់ព័ន្ធនឹងបុរស ក្នុងនោះមាន ១៨៧ករណីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍។
សមាមាត្រដ៏ខ្ពស់មួយបានបង្ហាញថា បុរសដែលរួមភេទជាមួយបុរស រួមទាំងបុរសដែលស្រលាញ់ភេទដូចគ្នា មានអត្រាឆ្លងមេរោគអេដស៍ច្រើនជាង បើធៀបនឹងបុរសដែលរួមភេទជាមួយស្ត្រី។ ការរួមភេទនៅតែជាមធ្យោបាយចម្បង នៃការចម្លងមេរោគអេដស៍ ដែលប្រហែល ៩៣ភាគរយនៃករណីឆ្លងក្នុងឆ្នាំ២០២២។
គិតត្រឹមចុងឆ្នាំ២០២២ ប្រជាជនរស់នៅសិង្ហបុរី ដែលឆ្លងមេរោគអេដស៍សរុបមានចំនួន ៩,៣៣១នាក់ ក្នុងនោះ ២,៣៦២នាក់បានស្លាប់។ ចំនួនករណីថ្មីប្រចាំឆ្នាំមានចាប់ពី ៤០០ ទៅ ៥០០ករណី ស្ថិតនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ មុនពេលថយចុះបន្តិចម្តងៗមកតិចជាង ៣០០ករណីក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា
