លោក Bill Gates មានគម្រោងជួបលោក ស៊ី ជីនពីង ក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសចិន
ហុងកុង៖ លោក បៀល ហ្គេតស៍ ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp នៅថ្ងៃសុក្រនេះ មានគម្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងកំលុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន នេះបើតាមប្រភពពីមនុស្សពីរម្នាក់ដែលបានដឹងលឺអំពីរឿងនេះ។
Read. ក្នុងអំឡុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន សហស្ថាបនិកក្រុមហ៊ុន Microsoft Corp លោក បៀល ហ្គេតស៍ មានគោលបំណងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ជំនួបនេះ នឹងកត់សម្គាល់ពីកិច្ចប្រជុំលើកដំបូងរបស់លោក ស៊ី ជាមួយសហគ្រិនឯកជនបរទេសក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រភពបានបង្ហើបឱ្យដឹងថា ជំនួបរវាងលោក ស៊ី និងលោក ហ្គេតស៍ នេះ អាចជាការជួបគ្នាមួយទល់មួយ ប៉ុន្តែមិនបានបញ្ជាក់លំអិត ថាតើលោកទាំងពីរនឹងពិភាក្សាគ្នាអំពីប្រធានបទអ្វីនោះទេ។
លោក បៀល ហ្គេតស៍ បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃពុធនេះថា លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩ ហើយថា លោកនឹងជួបជាមួយដៃគូដែលជាអ្នកធ្វើការលើបញ្ហាប្រឈមផ្នែកសុខភាព និងការអភិវឌ្ឍន៍សកល ជាមួយនឹងមូលនិធិ Bill & Melinda Gates។
សូមរម្លឹកថា ជំនួបចុងក្រោយរវាងលោក ស៊ី និងលោក ហ្គេតស៍ គឺនៅក្នុងឆ្នាំ២០១៥ នៅពេលដែលពួកលោកបានជួបគ្នានៅខាងក្រៅវេទិកា Boao ក្នុងខេត្ត Hainan។ នៅដើមឆ្នាំ២០២០ លោក ស៊ី បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់លោក ហ្គេតស៍ ដោយថ្លែងអំណរគុណដល់គាត់ និងមូលនិធិ Bill & Melinda Gates សម្រាប់ការសន្យាផ្តល់ជំនួយដល់ប្រទេសចិន រួមទាំងការផ្តល់ថវិកា ៥លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា