គ.ជ.ប និងភាគីពាក់ព័ន្ធពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក, ប្រើប្រាស់ថវិកាសរុបជាង៥០លានដុល្លារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញតំណាងគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ ក្រោមអធិបតីភាពឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ឯកឧត្តមបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន១១ខេត្តហើយ។ ការបោះពុម្ពនឹងរួចរាល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក ចំណាយថវិកាជាង២លានដុល្លារ។ សរុបថវិកាសម្រាប់ការបោះឆ្នោតនេះ ជាង៥០លានដុល្លារ។ ទឹកខ្មៅជ្រលក់ដៃបញ្ជាទិញពីឥណ្ឌាជាង៥ម៉ឺន២ពាន់ដប។
ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី គ.ជ.ប អញ្ជើញភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយដើម្បីពិនិត្យមើលការបោះឆ្នោតសន្លឹកឆ្នោតផងដែរ។ មន្ត្រីជំនាញរបស់ គ.ជ.ប បានត្រៀមរៀបចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ ហើយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដក់រោងពុម្ពហើយ។ នៅថ្ងៃទី១ ខែមិថុនានេះ រោងពុម្ពបានចាត់ចែងជាពុម្ពហើយប៉ុន្មានថ្ងៃខាងមុនេះការបោះពុម្ពនឹងចាប់ផ្តើមដំណើរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយនៅលើសន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺ៖
១៖គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖គណបក្សខ្មែរតែមួយ
៣៖គណបក្ស សញ្ជាតិកម្ពុជា
៤៖គណបក្សខ្មែររួបរួមជាតិ
៥៖គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖គណបក្សកសិករ
៧៖គណបក្សស្រ្តីដើម្បីស្ត្រី
៨៖គណបក្សខ្មែរឈប់ក្រ
៩៖គណបក្សហ្វ៊ុនស៉ិនប៉ិច
១០៖គណបក្សធម្មាធិបតេយ្យ
១១៖គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១២៖គណបក្សបំណងពលរដ្ឋ
១៣៖គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖គណបក្សឯកភាពជាតិខ្មែរ
១៥៖គណបក្សខ្មែរអភិរក្ស
១៦៖គណបក្សយុវជនកម្ពុជា
១៧៖គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា
១៨៖គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖គជប