ក្រុមហ៊ុន និងតំណាងសមាគមនិងអ្នកវិនិយោគិនវៀតណាម អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ចដើម្បីវិនិយោគនៅក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ គណៈប្រតិភូ និងអ្នកវិនិយោគិនវៀតណាមមួយក្រុម ដែលដឹកនាំដោយ លោក ង្វៀន ថាញ់វ៉ាន់ (Nguyen Thanh Van) អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីចង់ស្វែងយល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗមួយចំនួនក្នុងខេត្ត ដូចជា៖ ស្រូវ,អង្ករ,ពោត,ដំឡូងមី,និងផលិតផលផ្សេងទៀត ដែលជាចំណុចខ្លាំងក្នុងខេត្ត ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការ ធ្វើជាដៃគូក្នុងការផ្លាស់ប្ដូរទំនិញនិងវិស័យទេសចរណ៍ នៅក្នុងខេត្ត ។
លោក ង្វៀន ថាញ់វ៉ាន់ បានលើកឡើងថា៖ ប្រតិភូជាតំណាងក្រុមហ៊ុន និងតំណាងសមាគមវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជន គឺ៖ មានគោលបំណងស្វែងយល់បន្ថែមទៀត អំពីសក្ដានុពល នៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យស្នូល និងជាអាទិភាពចម្បងជាងគេនៅក្នុងខេត្ត និងស្វែងយល់អំពីវិស័យទេសចរណ៍នៅក្នុងខេត្តផងដែរ ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ។
ជាការឆ្លើយតប ឯកឧត្តម សុខ លូ បានធ្វើការពន្យល់ប្រាប់ទៅកាន់គណៈប្រតិភូវៀតណាមថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ខាងផ្នែកកសិកម្ម ហើយខេត្តបាត់ដំបង ក៏ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ផងដែរ។ ខេត្តបាត់ដំបង ក៏កំពុងតែមានតម្រូវការ រកដៃគូវិនិយោគលើផ្នែកកសិកម្ម ដែលទាមទារជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍លើការវិនិយោគផ្នែកកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលនៅក្នុងខេត្តដូចជា ៖ ការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្ម ដើម្បីធ្វើការកែច្នៃលក់ទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់បន្ថែមថា៖ សព្វថ្ងៃនេះ ផលិតផលកសិកម្មជាច្រើន នៅក្នុងខេត្ត មិនទាន់បានយកទៅធ្វើការកែច្នៃអស់លទ្ធភាពនៅឡើយនោះទេ ថែមទាំងធ្វើឱ្យផលិតផលកសិកម្មទាំងនោះលើសពីតម្រូវការលើទីផ្សារ បានបង្កនូវវិបត្តិកកស្ទះ កង្វះទីផ្សារ និងបណ្ដាលឱ្យកសិផលទាំងនោះមានការធ្លាក់ថ្លៃថែមទៀតផង ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

