ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារឱ្យមានលក្ខណៈប្រកួតប្រជែង

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
 
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទី ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។

ការលើកឡើង របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាស អញ្ជើញជា អធិបតីក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាព នៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
 
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរចំពោះក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយនេះ និងបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០១៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាពិសេសកម្មវិធី CAPRED, កម្មវិធី CRAS របស់ GIZ, អង្គការ HEKs ប្រចាំនៅកម្ពុជា, Harvest III , CIRD, CPSA, បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយនេះបន្តទៀតផងដែរ ។
 
សូមជម្រាបផងដែរថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ រួមមាន ទី១) លើកកម្ពស់ទិន្នផល នៃ ការផលិត និង ផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង ទី២) ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែម លើការប្រមូលផល និង ការកែច្នៃ អនុផល ស្វាយចន្ទី ឱ្យ សម្រេច បាន ២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ និង ទី៣) ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ច សម្រួល ពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។ ទន្ទឹមនឹងនេះ គោលនយោបាយជាតិនេះ បានកំណត់នូវយុទ្ធសាស្រ្តចំនួន ៣ រួមមាន ១-យុទ្ធសាស្រ្តនៃការផលិត ២-យុទ្ធសាស្រ្តនៃការកែច្នៃ និង៣-យុទ្ធសាស្រ្តនៃការនាំចេញ ដែលនៅក្នុងនោះបានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្ត ។
 
គួរបញ្ជាក់ផងដែរថា តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner