សម្តេចតេជោ ហ៊ុន សែន ៖ សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សាធារណជន

ភ្នំពេញ៖ តាមរយៈសារលិខិតនៅក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ«TVETផ្តល់ជំនាញ និងការងារសមរម្យ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សូមឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃវិស័យនេះ ជូនដល់សាធារណជនបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាសំខាន់បំផុតសម្រាប់ស្វែងរកឱកាសការងារ ខណៈកិច្ចការនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់បំផុត ដោយចាប់ពីឆ្នាំ២០២៣ ទៅរាជរដ្ឋាភិបាល បានកំពុងផ្តល់អាហារូបករណ៍ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅទូទាំងប្រទេស ចំនួន ១លាន ៥សែននាក់ ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្សនិស្សិត មាតាបិតាអាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVETផ្តល់ជំនាញ និងការងារសមរម្យ» នេះ ឲ្យបានផុលផុសអធិកអធមទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា។

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦នេះ សម្តចតេជោ នាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តរួមគ្នា ថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្ស ពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីផ្តល់លទ្ធភាព ទទួលបានការងារបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាល បានពង្រីកការផ្តល់អាហារូបករណ៍ កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្រ្តីជនពិការ ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិតក្នុងរយៈពេល៥ឆ្នាំមកនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរ ដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើក ស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើនផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner