រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តជួបជជែកគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្មករនិយោជិត
ភ្នំពេញ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល រួមជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួបជជែកគ្នាបន្ថែមទៀត ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតកម្ពុជា។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា បានមានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាល តាមរយៈស្ថាប័ននានា និងដៃគូពាក់ព័ន្ធដាក់ចេញយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្តី ប៉ុន្តែបញ្ហានេះនៅតែជាក្តីបារម្ភ។

លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ ដែលបង្ហាញឱ្យឃើញថា ភាគីពាក់ព័ន្ធនៅតែបន្តយកចិត្តទុកដាក់លើបញ្ហានេះ ហើយដោះស្រាយរួមគ្នា ដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលនៅបន្តរងគ្រោះថ្នាក់ចរាចរណ៍។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។
លោកបន្ថែមថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រឈមអាយុជីវិតខ្លួននឹងហានិភ័យ ក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន៕




អត្ថបទ៖ ឈឹម ទីណា