សិក្ខាកាម ៦១នាក់ ដែលជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានការបណ្តុះបណ្តាល ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព
ភ្នំពេញ ៖ សិក្ខាកាមដែលប្រធាន អនុប្រធាន អនុប្រធានការិយាល័យ គ្រូឧទ្ទេស និងមន្រ្តីរដ្ឋបាលពាក់ព័ន្ធមួយចំនួននៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន ៦១នាក់ ទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តាមរយៈសិក្ខាសាលា ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ។

លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានប្រសាសន៍ លើកឡើងថា ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទៅជាគ្រិះស្ថានឧត្តមសិក្សាពោពេញដោយគុណភាពអប់រំកម្រិតស្តង់ដារ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស របស់ប្រទេសជប៉ុន បានបើកសិក្ខាសាលាជួយបណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិក គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបញ្ចប់មួយគម្រោងហើយ ដែលមានរយៈពេល៤ឆ្នាំ៦ខែ ហើយគម្រោងទី២នេះ មានឈ្មោះថា «អភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍» ចាប់ផ្តើមអនុវត្តពីខែមិនា ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ស្រី នាយិកា បន្តថា សម្រាប់សិក្ខាសាលាទី៤ នៃគម្រោងទី២នេះ បានផ្តោតសំខាន់ ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព មានគោលបំណងចំនួន៣ធំ គឺទី១ ដើម្បីយល់ពីតម្រូវការរបស់IQAក្នុងគ្រឹះស្ថានឧត្តមសិក្សា ទី២ ដើម្បីយល់ដឹងពីតួនាទីភារកិច្ចដែលចែងក្នុងស្តង់ដារ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាឲ្យបានច្បាស់លាស់ដើម្បីអាចដំណើរការIQAនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទី៣ ដើម្បីយល់អំពីគោលការណ៍វាយតម្លៃរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា និង ដើម្បីចង់ក្រងសៀភៅមគ្គុទ្ទេសIQAនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។
លោក កែវ សុចិត្រា អនុប្រធានគម្រោងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស មានប្រសាសន៍ លើកឡើងថា សម្រាប់គម្រោងទី២នៃជំហានទី២ នៃសហប្រតិបត្តិការណ៍ជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា គឺមានរយៈពេល៣ឆ្នាំ ដោយផ្តោតជាគោលទៅលើការប្រើប្រាស់ប្រព័ន្ធICTទាំងការបង្រៀន ការគ្រប់គ្រង ការចាត់ចែង និងការគ្រប់គ្រងជាច្រើនទៀត ហើយនៅក្នុងគម្រោងនេះ យើងមានការសាងសងជាអាគារជាបណ្តាល័យទំនើបផងដែរ។ លោក បានបញ្ជាក់ទៀតថា នៅក្នុងគ្រោងទាំងអស់នោះ យើងក៏ផ្តោតសំខាន់លើគុណភាពផ្ទៃក្នុងផងដែរ ។អញ្ចឹងតាមរយៈសិក្ខាសាលស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព ដែលជាសិក្ខាសាលាទី៤នេះ នឹងក្លាយជាធាតុចូមួយ ដើម្បីឈានឆ្ពោះទៅអនុវត្តប្រកបដោយគុណភាពសម្រាប់ពេលខាងមុខនៃដំណើរការគ្រឹះស្ថានឧត្តមសិក្សាអប់រំកាយនិងកីឡា។

លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា មានប្រសាសន៍ថា ដើម្បីឲ្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា អាចអភិវឌ្ឍខ្លួនក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ និងមានគុណភាពស្តង់ដារ ចាំបាច់ណាស់ គ្រូឧទ្ទេស មន្រ្តី និងបុគ្គលិក ត្រូវចេះដឹង និងយល់ពីគុណភាពផ្ទៃក្នុងឲ្យបានច្បាស់លាស់ បើពុំដូច្នោះទេ ដំណើរនៃការប្រែក្លាយពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សា និងមិនអាចធ្វើឲ្យគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាវាយតម្លៃទទួលបាននោះទេ។ ដូច្នោះអ្វីៗទាំងអស់ គឺ ពឹងពាក់លើការខិតខំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស និងមន្រ្តីបុគ្គលិកទាំងអស់ ។ លោក បណ្ឌិត អ៊ុក ឌីវ៉ង់ ក៏បានជំរុញលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពចូលរួមចំណែកជួយដល់គ្រឹះស្ថានឧត្តមសិក្សាអប់រំកាយនិងកីឡានៅពេលខាងមុខ៕ អត្ថបទ៖ ជាវ ចន្ធូ
