តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ គឺជាការពង្រឹងគុណភាពឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងគុណភាពបន្ថែមដល់ការអភិវឌ្ឍវិស័យកីឡាតេកក្វាន់ដូ WT ត្រៀមឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមាប្រសាសន៍បែបនេះ នៅក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ (2023 KOREAN AMBASSADOR’S CUP TAEKWONDO COMPETITION) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅអគារប៊ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា បានប្រកួតបង្ហាញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែមដល់កីឡាករ កីឡាការិនីទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូលក្ខណៈអន្តរជាតិនានា និងត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ដែលបានរៀបចំការប្រកួតនេះប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួតបានយ៉ាងល្អប្រសើរ។

ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានសង្កត់ធ្ងន់ថា ៖«យោងតាមគណៈកម្មការរៀបចំការប្រកួត ឃើញថា កីឡាករ-កីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះនាពេលនេះ ហើយ សង្ឃឹមថា កីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត ដោយការប្រកួត តែងមានចាញ់ មានឈ្នះ ហើយក៏បានផ្តល់ឲ្យយើងនូវចំណងមិត្តភាព សាមគ្គីភាព តទៅមុខផងដែរ»។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិតេក្វាន់ដូ WT ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលជ័យជម្នះដណ្តើមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ និងសូមកុំភ្លេចពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព-Sport Live in Peace»ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៣៣៥នាក់ ក្នុងនោះមានកីឡាករ ១៧៣នាក់ និងកីឡាការិនី ១៣៧នាក់ មកពី២៥ក្លិបនៃរាជធានីខេត្តចំនួន៤ ដោយរៀបចំវិញ្ញាសាដាក់ឲ្យប្រកួតចំនួន ២០ ក្នុងនោះមានវិញ្ញាសាមេគុនចំនួន ៩, វិញ្ញាសាទាត់ល្បឿនចំនួន ៨ និងវិញ្ញាសាប្រយុទ្ធចំនួន ៣ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner