កម្ពុជាទទួលជំនួយ ពីរលានដុល្លារ ពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ចិនសម្រាប់ឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជាទទួលបានជំនួយហិរញ្ញវត្ថុពីរលានដុល្លារ ពីមូលនិធិនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២៣ ទៅលើគម្រោងចំនួនប្រាំបួនដែលជាគំនិតផ្តួចផ្តើមដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងចិន ដើម្បីចូលរួមចណែកកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសក្របខណ្ឌមេគង្គ-ឡានឆាង។

ជំនួយហិរញ្ញវត្ថុពីរលានដុល្លារពីចិន នៃកិច្ចសហប្រិតបត្តិការមេគង្គ​-ឡានឆាងនេះត្រូវបានធ្វើការចុះហត្ថលេខារួមគ្នារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម វ៉ាង វិនធាន(WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្រសួងការបរទេសគូសបញ្ជាក់ថា ជំនួយមូលនិធិសម្រាប់គម្រោងចំនួន៩ នោះដើម្បីយកទៅអភិវឌ្ឍន៍ជាច្រើនវិស័យរួមមាន ការដំណឹងជញ្ជូននិងលូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។

ក្រសួងបានរំលចចំពោះផលប្រយោជន៍កិច្ចសហការមេគង្គ-ឡានឆាង ដូច្នេះថា៖«ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរប​ស់កម្ពុជា និងចិន ដើម្បីចូលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់គ្នា»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាជំនួយក្នុងក្របខណ្ឌទន្លេមេគង្គ-ឡានឆាង ពីចិននេះ មានភាពចាំបាច់និងសមស្របតាមតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា៖«តំបន់មេគង្គនេះ ក្លាយជាទីអារម្មណ៍ និងជាទីប្រកួតប្រជែងរបស់មហាអំណាចផងដែរ។ ក្នុងតំបន់មេគង្គមានគំនិតផ្តួចផ្តើមជាច្រើន ទាំងអាមេរិក​​-មេគង្គ គំនិតផ្តួចផ្តើមមេង្គក្រោម មេគង្គ-កាំងហ្ការបស់ឥណ្ឌា មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ គណៈកម្មាធិការសហប្រតិបត្តិការមេគង្គ និងមេគង្គ-ឡានឆាង របស់ចិនជាដើម។ ប្រទេសធំៗ ប្រទេសអំណាចកណ្តាល កំពុងបង្ហាញឥទ្ធិពលនៅតំបន់មេគង្គ»។

លោកបន្ថែមថា ទោះជាយ៉ាងណាក្តី បើសិនជាមានកិច្ចសហប្រតិបត្តិការច្រើន ​ប្រទេសតំបន់មេគង្គគួរទាញយកផលប្រយោជន៍ពីបណ្តុំការប្រកួតប្រជែងទាំងនេះវិញ។ លោកអះអាង មិនថាជំនួយចិន ឬប្រទេសណាឡើយ តែងមានគោលដៅនិងអំណាចស្រទន់រៀងៗខ្លួន ក្នុងការបញ្ជ្រាបឥទ្ធិពលក្នុងតំបន់។

សម្រាប់លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) និងជាអ្នកជំនាញការទូតសន្តិសុខលើកឡើងថា ក្របខ័ណ្ឌមេគង្គ-ឡានឆាង ជាក្របខ័ណ្ឌអភិវឌ្ឍន៍ដែលបានជួយតំបន់ ប្រជាជន ឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។  លោកបន្តថា៖«ចាប់ពីគម្រោងមេគង្គឡាន-ឆាង បានចាប់ផ្តើមនៅឆ្នាំ ២០១៦ មក កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធថាមពល ពង្រីកនិងពង្រឹងសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់ជាមួយនឹងចិន ក៏ដូចជាការអភិវឌ្ឍសុខុមាលភាពប្រជាជន»។

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner