លោក ស៊ី ជីនពីងត្រេកអរចំពោះការបង្កើតទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងចិននិងប៉ាឡេស្ទីន

ប៉េកាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិនបានបង្កើតទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយប៉ាឡេស្ទីន តាំងតែពីមុនពេលដែលប្រធានាធិបតី លោក ម៉ាមូដ អាបាស (Mahmud Abbas) ធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ដើម្បីជជែកពិភាក្សាដោយផ្ទាល់ជាមួយភាគីចិនមកម៉្លេះ។

ទីក្រុងប៉េកាំងបានឱ្យដឹងថា ឥឡូវនេះ លោក អាបាស កំពុងធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ហើយលោកនឹងនៅបន្តរហូតដល់ថ្ងៃសុក្រ ទើបត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការជាលើកទីប្រាំទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។

លោក ស៊ី បានថ្លែងនៅក្នុងពិធីបើកស្វាគមន៍មួយនៅមហាសាលប្រជាជនថា «ការប្រឈមមុខនឹងបរិបទផ្លាស់ប្តូររបស់ពិភពលោកក្នុងមួយសតវត្សចុងក្រោយនេះ និងការវិវត្តថ្មីៗនៅមជ្ឈិមបូព៌ា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយភាគីប៉ាឡេស្ទីន»។ លោក ស៊ី បានបន្ថែមថា «ថ្ងៃនេះ យើងនឹងប្រកាសរួមគ្នា អំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន-ប៉ាឡេស្ទីន ហើយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ»។

គួរដឹងដែរថា​ លោក អាបាស បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងតាំងតែពីថ្ងៃចន្ទ និងបានជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗរបស់ចិន រួមទាំងប្រធានាធិបតី ស៊ី និងនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ផងដែរ។ ភាគីទាំងពីរក៏បានឆ្លៀតយកឱកាសនេះ ជជែកអំពីដំណោះស្រាយបញ្ហាប្រឈមនៃទំនាក់ទំនងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ជាការកត់សម្គាល់ ទីក្រុងប៉េកាំងបាននិងកំពុងបង្ហាញវត្តមានរបស់ខ្លួននៅមជ្ឈិមបូព៌ា និងកសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់នោះ ក្នុងគោលបំណងប្រកួតប្រជែងជាមួយឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ការណ៍នេះបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញឫកពារមិនពេញចិត្តសោះឡើយ។ ជាក់ស្ដែង អំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ឺនពិន (Wang Wenbin) បានហៅមេដឹកនាំប៉ាឡេស្ទីន លោក អាបាស ថាជាមិត្តយូរអង្វែង និងជាមិត្តល្អរបស់ប្រជាជនចិនទៀតផង។

កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ លោកប្រធានាធិបតី ស៊ី បានទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយគេក៏បានឃើញលោកជួបជាមួយលោក អាបាស ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលនោះលោក ស៊ី បានសន្យាថា ចិននឹងព្យាយាមចូលរួមដោះស្រាយបញ្ហាដែលកើតមានជាយូរមកហើយនៅប៉ាឡេស្ទីន។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានចាប់ផ្ដើមក្លាយខ្លួនជាតួអង្គសម្រុះសម្រួលនៅមជ្ឈិមបូព៌ា ដោយបានជួយសម្រួលដល់ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងនៅក្នុងតំបន់ និងដែលសហរដ្ឋអាមេរិកមានឥទ្ធិពលទៅលើប្រទេសទាំងពីរនេះអស់ជាច្រើនទសវត្សរ៍មកហើយ។

យ៉ាងណាក៏ដោយ ការស្វែងរកដំណោះស្រាយយូរអង្វែងមួយសម្រាប់ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហាក់ដូចជាបានត្រឹមតែជាក្ដីសុបិនប៉ុណ្ណោះទេ ដោយសារតែការចរចាសន្តិភាពរវាងភាគីទាំងពីរត្រូវបានជាប់គាំងតាំងពីឆ្នាំ២០១៤ មកហើយ។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) បានប្រាប់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនថា ប្រទេសចិនមានបំណងច្បាស់លាស់ក្នុងការជួយដល់ការចរចាដើម្បីស្វែងរកសន្តិភាពរវាងភាគីជម្លោះទាំងពីរ។

លោក ឈីន ក៏បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក រីយ៉ាដ អៃម៉ាលីគី (Riyad Al-Maliki) ផងដែរថា ទីក្រុងប៉េកាំងសូមបង្ហាញការគាំទ្រដល់ដំណោះស្រាយតាមរយៈការចរចាការទូតជានិច្ច នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនមួយ។
នៅក្នុងការអំពាវនាវទៅកាន់ភាគីជម្លោះទាំងពីរនេះ លោក ឈីន ក៏បានសង្កត់ធ្ងន់ទៅលើការជំរុញឱ្យមានកិច្ចចរចាសន្តិភាព ដោយឈរលើមូលដ្ឋាននៃគោលការណ៍ «ដំណោះស្រាយមួយសម្រាប់រដ្ឋពីរ»៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Xi hails establishment of ‘China-Palestine strategic’ ties

ads banner