ក្រុមនិស្សិតប្លាស្ទិក បង្ហោះវីដេអូពីសកម្មភាពប្រមូលសំរាមនៅតាមបណ្តាញសង្គមសំដៅផ្លាស់ប្តូរឥរិយាបថពលរដ្ឋក្នុងការទុកដាក់សំរាម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ជារឿយៗ នៅ​លើបណ្តាញសង្គម ជា​ពិសេសហ្វេសប៊ុក គេប្រាកដជាធ្លាប់បានឃើញវីដេអូ របស់យុវជនស្ម័គ្រចិត្តមួយក្រុមដែលតែងនាំគ្នាសម្អាតកាកសំណល់ដែលកកស្ទះជាច្រើនខែនៅតាមទីសាធារណៈ និងប្រឡាយនានា ក្នុងរាជធានីភ្នំពេញ។

ក្រុមយុវជនស្ម័គ្រចិត្តនោះមានឈ្មោះថា «និស្សិតបា្លស្ទិក-Nisset Plastic» ដែលតែងតែចំណាយពេលវេលាផ្ទាល់​ខ្លួន​ដែល​សេសសល់ពីការ​សិក្សា មកចំណាយលើការសម្អាតបរិស្ថាន តាម​លូទឹកស្អុយ និងទីសាធារណៈមួយចំនួន​​​ ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។

ផ្តើមចេញពីការធ្វើសកម្មភាពសម្អាតតែម្នាក់ឯងរហូតអាចកៀងគរ យុវជនជាច្រើនឱ្យចូលរួមក្នុងសកម្ម​ភាពរើសសំរាមតាមប្រឡាយលូទឹកស្អុយនៅក្នុងរាជធានីភ្នំពេញ ខណៈសកម្មភាពនេះទទួលបានការស្ញើចសរសើរ និងការសាទរពីមហាជនផងដែរ។

យុវជន ហែម សុភេម ជាស្ថាបនិកនៃ «និស្សិតប្លាស្ទិក» ​ដែលមាន​វ័យទើបតែ ២១ឆ្នាំ និង ជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេស បានឱ្យដឹងពីហេតុផលដែលខ្លួនកៀងគរក្រុមយុវជនស្ម័គ្រចិត្តឱ្យចូលរួមសកម្មភាពទាំងនេះគឺដោយសារក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។មួយវិញទៀតគឺដើម្បី​បំផុសគំនិតឱ្យ​ពលរដ្ឋ និងនិស្សិតផ្ដើម​ខ្វាយ​ខ្វល់​ពី​បញ្ហា​សំរាម​ ហើយផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់កាកសំណល់តាមរយៈវីដេអូរបស់ខ្លួន។

លោក ហែម សុភេម និយាយបន្តថា ក្រុមនិស្សិតប្លាស្ទិក បានបង្កើតឡើងក្នុងខែមិថុនាឆ្នាំ២០២២ ពោលគឺមានរយៈពេលមួយឆ្នាំហើយ។ ក្រុមនិស្សិតប្លាស្ទិកបានប្រមូលសំរាមជាច្រើនកន្លែងមកហើយនៅក្នុងរាជធានីភ្នំពេញទាំងលើគោក ក្នុងលូទឹកស្ទុយ សាលារបស់ខ្លួនផ្ទាល់ តំបន់មាត់ទន្លេ បឹងសាឡាង ស្ទឹងមានជ័យ បឹងទំពុន និងលូនៅទួលសង្កែជាដើម។

បច្ចុប្បន្ននិស្សិតប្លាស្ទិក មានក្រុមតេលេក្រាមមួយដែលមានសមាជិកប្រមាណ៦០០នាក់ហើយសមាជិកទាំងអស់នោះអាចចូលរួមសកម្មភាពសម្អាតដោយស្ម័គ្រចិត្តទៅតាមពេលទំនេររបស់ខ្លួន។ សកម្មភាពសម្អាតតែងធ្វើនៅចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យពោលគឺជាពេលដែលពួកគេទំនេរពីការសិក្សា។

លោក ហែម សុភេម បញ្ជាក់ឱ្យដឹងថា៖ «សម្រាប់ការចូលប្រមូលកាកសំណល់នៅតាមទីសាធារណៈមានអ្នកស្ម័គ្រចូលរួមច្រើន ប៉ុន្តែសម្រាប់ការប្រមូលកាកសំណល់តាមប្រឡាយលូទឹកស្អុយមិនមានអ្នកស្ម័គ្រចិត្តចូលរួមច្រើននោះទេដោយសារពួកគេបារម្ភពីបញ្ហាសុខភាព»។

យុវជនរូបនេះបន្តរៀបរាប់ថា ការចុះប្រមូលសំរាមក្នុងលូប្រឡាយមានផលវិបាកច្រើន និងត្រូវចំណាយពេលយូរ។ ម្យ៉ាងវាគឺជារឿងប្រថុយ ព្រោះមិនដឹងថានៅក្នុងលូនោះមានអ្វីខ្លះ មានក្លិនមិនល្អផង លាមកផង សត្វផងលាយឡំចូលគ្នា។

សកម្មភាពរបស់ក្រុម និស្សិតប្លាស្ទិក បានធ្វើឱ្យមហាជនមួយចំនួនស្ងើចសរសើរ ប៉ុន្តែមួយចំនួនទៀតក៏បានរិះគន់ថា ជាក្រុមយុវជនស៊ីជោរទៅវិញ។

លោក ហែម សុភេម បានឱ្យដឹងថា៖ «បើនិយាយរឿងខ្មាស់គេវិញ ខ្ញុំមិនខ្មាស់គេទេទោះបីមានមតិខ្លះថាពួកខ្ញុំជោរក៏ដោយ តែខ្ញុំធ្វើដោយឆន្ទៈ និងគោលដៅចង់ផ្លាស់ប្ដូរឥរិយាបថអ្នកចោលសំរាមទាំងនោះ»។

លោក ហែម សុភេម សង្កេតឃើញថា មកទល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយល់ និងមានឥរិយាបថទុកដាក់សំរាមប្រសើរជាងមុន។

ស្ថាបនិកនិស្សិតប្លាស្ទិ្បញ្ជាក់ថា៖ «ឥឡូវនេះ ពេលពួកខ្ញុំចុះធ្វើសកម្មភាពប្រមូលសំរាមម្តងៗមានក្មេងៗ និងពលរដ្ឋទៅមើល គាំទ្រច្រើនហើយក៏មានអាជីវករខ្លះចុះទៅជួយប្រមូលសំរាមទៀតផង កត្តានេះហើយធ្វើឱ្យខ្ញុំយល់ថាឥរិយាបថរបស់ពួកគាត់ត្រូវបានផ្លាស់ប្ដូរ។ ចំណែកឯពលរដ្ឋដែលតែងតែចោលសំរាមនឹងរអៀសខ្លួននៅពេលដែលឃើញវីដេអូទាំងនោះហើយ»។

ជំនួស​ឱ្យការ​ប្រាប់ចំៗពីការដាក់ទុកសំរាម​ ​យុវជន សុភេម ​យល់​ថា​ការ​ផ្សព្វ​ផ្សាយ​ជា​វីដេអូ​លើ​បណ្ដាញ​សង្គម​មាន​ប្រសិទ្ធ​ភាព​ជាងដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​តែង​តែ​ចោល​សំរាម​ផ្លាស់​ប្ដូរ​ឥរិយាបថ។

យុវជន​រូប​នេះ​បន្ត​ថា៖​ «កត្តា​ដែល​​អាច​កែប្រែ​ឥរិយាបថ​ពលរដ្ឋ​ដែល​តែង​តែ​ចោល​សំរាម​បាន​គឺ​មាន​តែ​ផ្ដើម​ចេញ​ពី​បុគ្គលរូបនោះ​ខ្លួន​ឯង​ប៉ុណ្ណោះ ហើយខ្ញុំជឿថាមនុស្ស​ដែល​មើល​យើង​រាប់​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ ​ពួក​គាត់​នឹង​ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ពី​បញ្ហា​សំរាម​នេះ​ដែរ»​។

ជាមនុស្សដែលស្រលាញ់បរិស្ថានតាំងពីក្មេង និងមានក្រុមគ្រួសារតែងតែអប់រំពីរបៀបទុកដាក់សំរាមឱ្យបានត្រឹមត្រូវ យុវជន សុភេម ថ្លែងថា គ្រួសារ​មិនបាន​ហាមឃាត់លោកទេ​ គឺ​មាន​តែ​ជំរុញ​ឱ្យ​ធ្វើ​សកម្មភាព​ទាំង​នេះ​ ប៉ុន្តែ​ពួក​គាត់​តែង​តែ​បារម្ភ​ពី​បញ្ហា​សុខភាព​ និង​បញ្ហា​សុវត្ថិភាព​ដោយ​សារ​ពេល​ខ្លះ​ចុះ​ទៅ​ប៊ិះ​លង់ទឹក​នៅ​ក្នុង​លូ​ក៏​មាន​។

ទន្ទឹមនេះលោកចង់ឃើញពលរដ្ឋចាត់ទុកទីសាធារណៈប្រៀបដូចជាផ្ទះរបស់ខ្លួន ដើម្បីសុខមាលភាពសាធារណៈ និងសោភ័ណភាព​ ក៏ដូចជាមុខមាត់ប្រទេសជាតិ។

យុវជន សុភេម និយាយថា៖ «ខ្ញុំ​មាន​សំណូម​ពរ ចង់​ឱ្យ​ពលរដ្ឋ​ចាត់​ទុក​ប្រឡាយ​ និង​ទី​សាធារណៈ​ឱ្យ​ដូច​ផ្ទះ​របស់​ខ្លួន​ ព្រោះ​វា​ជា​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា បើ​យើង​ចោល​សំរាម​ យើង​គឺ​ជា​សំរាម​ហើយ​ បើ​គាត់​ចោល​គឺ​គាត់​បំផ្លាញ​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល»​។

លោក ហែម សុភេម ក៏បានរៀបរាប់ឱ្យដឹងថា ខ្លួនមាន​គម្រោង​ចង់​ឱ្យ​ទី​ក្រុង​ទាំង​មូល​គ្មាន​សំរាម​ និង​ទប់​ស្កាត់​ការ​ចោល​សំរាម​ពាល​វាល​ពាស​កាល​បន្ត​ទៀត​តាម​រយៈ​ការ​បញ្ជ្រាប​ចំណេះ​ដឹង​ 4R ដែល​មាន​ដូច​ជា​ កុំ​ប្រើ​ប្លាស្ទិក កាត់​បន្ថយ កែច្នៃ​ និង​ប្រើប្រាស់​ឡើង​វិញ។

គួរបញ្ជាក់ថា កាលពីខែ មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា «ជំរុញបរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)»។ គោលបំណងមួយ ក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជា តាមរយៈវិធីសាស្រ្ត​៤​យ៉ាង 4R (បដិសេធមិនប្រើប្រាស-Refuse កាត់បន្ថយ-reduce ប្រើប្រាស់ឡើងវិញ​-reuse និងកែច្នៃឡើងវិញ-recycle)។

យោងតាមក្រសួងបរិស្ថាន សព្វថ្ងៃការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាគំហុក ដោយបច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ ០០០ ថង់ក្នុងមួយឆ្នាំ៕

ដោយៈ ស្រ៊ុន សិរី វឌ្ឍនៈ

ads banner