ក្រសួងអប់រំ បានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់អប់រំ និងថែទាំកុមារតូចៗ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសហគមន៍ នៅសាលាបឋមសិក្សាកងតាណឹង ក្នុងខេត្តកំពង់ចាម ដើម្បីរួមចំណែកមើលថែទាំ និងអប់រំកុមារតូចៗក្នុងពេល នៃការលូតលាស់ចាប់ពីអាយុបីខែ រហូតដល់បីឆ្នាំ ក្នុងគោលបំណងជួយសម្រាលបន្ទុករបស់អាណាព្យាបាល។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន និងរួមទាំងអគារសិក្សាចំនួន២ខ្នងនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ លោកស្រី ស្ដិបហ្វានី សែលឡេ នាយិការអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) ប្រជាចាំកម្ពុជា និងរួមទាំងថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។ នេះបើយោង ក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងពិធីដាក់ឱ្យប្រើប្រាស់នោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តមលើកឡើងថា ជាក់ស្តែងនៅក្នុងស្រុកកងមាសទាំងមូលបានទទួលសមិទ្ធផលថ្មីៗជាច្រើនជាបន្តបន្ទាប់ ដូចជាផ្នូវថ្នល់ មណ្ឌលសុខភាព និងជាពិសេសគឺសាលារៀន ក្រសួងអប់រំ បានសាងសង់និងជួសជុលអគារសិក្សាជាច្រើន ដោយបានបំពាក់គ្រឿងបរិក្ខាគ្រប់គ្រាន់ បង្កសក្ខណៈងាយស្រួលដល់ការសិក្សារបស់សិក្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋនៅទីនេះជាច្រើនផងដែរ។
បណ្ឌិត ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ «ទារកដ្ឋានស្ថិតនៅក្នុងឃុំកងតាណឹងនេះ ជាទារកដ្ឋានទី៩ក្នុងចំណោមទារកដ្ឋានដែលបានបើកដំណើរការនៅកម្ពុជានិងជាទារកដ្ឋានទី១សម្រាប់ខេត្តកំពង់ចាម ដែលបានអនុវត្តវិធីសាស្ត្រតាមបទដ្ឋានបច្ចេកទេស និងស្របតាមចិត្តសង្គមរបស់កុមារតូច ផ្តល់នូវសមត្ថភាពមូលដ្ឋានគ្រឹះគ្រប់ជ្រុងជ្រោយសម្រាប់កុមារបន្តការសិក្សាប្រកបដោយគុណភាព»។ ក្រសួងក៏សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅឃុំកងតាណឹង នាំកូនតូចៗអាយុក្នុងចន្លោះពីបីខែ រហូតដល់បីឆ្នាំ មកចុះឈ្មោះនៅទារកដ្ឋានសហគមន៍ ដើម្បីទទួលបានការថែទាំ អប់រំ និងទទួលបានការរីកចម្រើនគ្រប់ផ្នែកទាន់ពេលវេលា។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋានក្នុងសាលាបឋមសិក្សា គឺវាល្អហើយ ពីព្រោះទារកដ្ឋាននេះ រួមចំណែកក្នុងការថែទាំ និងអប់រំកុមារតូចៗ ជំនួសអាណាព្យាបាលបានយ៉ាងដិតដល់ ហើយវាក៏បានរួមចំណែកជួយសម្រាលបន្ទុករបស់អាណាព្យាបាលក្នុងការថែទាំកុមារតូចៗនេះផងដែរ។ ក្រៅពីនេះទៀត អ្នកស្រីមើលឃើញថា ទោះបីជាមានទារកដ្ឋានទាំងនោះនៅតាមសាលាបឋមសិក្សាកពិតមែន ប៉ុន្តែក្រសួងក៏គួរតែរៀបចំ និងមានការបែងចែកតួនាទីនេះឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យការមានទារកដ្ឋានទាំងនេះ ក្លាយទៅជាបន្ទុកបន្ថែមទៅដល់លោកគ្រូ-អ្នកគ្រូនៅតាមសាលារៀន។
អ្នកស្រី អ៊ុក ឆាយ៉ាវី បានបញ្ជាក់ថា៖ «ចំពោះខ្ញុំគិតថាវាល្អហើយ កាលដែលមានទារកដ្ឋានសម្រាប់ជួយថែទាំ និងអប់រំកុមារតូចឱ្យបានដិតដល់ជំនួសឪពុកម្ដាយ ពីព្រោះវានឹងធ្វើឱ្យកុមារតូចៗដែលធំឡើងនឹងក្លាយទៅជាយុវជនបន្តវេនដ៏ល្អសម្រាប់សង្គម»។
សូមបញ្ជាក់ថា យោងតាមអង្គការពិភពកុមារនិងអភិវឌ្ឍន៍ គម្រោងបង្កើតទារកដ្ឋានសហគមន៍ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអភិវឌ្ឍសង្គមរបស់ប្រទេសជប៉ុន គ្រប់គ្រងដោយធនាគារពិភពលោក។ អង្គការនេះ ក៏បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដោយបានផ្ដល់វគ្គបណ្តុះបណ្តាលបុគ្គលិករបស់គម្រោងទារកដ្ឋានសហគមន៍ រយៈពេល១៥ថ្ងៃ លើជំនាញដែលពាក់ព័ន្ធនឹងការគាំពារ និងការអភិវឌ្ឍកុមារ ការគ្រប់គ្រងទីកន្លែង របៀបនៃការថែទាំ វិធីសង្រ្គោះបន្ទាន់ និងការចម្អិនអាហារជាដើម ដើម្បីធានាបានគុណភាពនៃការថែទាំ និងសុវត្ថិភាពសម្រាប់កុមារ។

ក្រសួងអប់រំ បានបញ្ជាក់ថា ទារកដ្ឋាននីមួយៗ គឺអាចទទួលកុមារ-ទារក បាន២៥នាក់ ហើយការដាក់ឱ្យប្រើប្រាស់ទារកដ្ឋានក្នុងខេត្តកំពង់ចាមនេះ ជាទារកដ្ឋានសហគមន៍ទី៩ហើយ ក្នុងចំណោមទារកដ្ឋានចំនួន១៣ ដែលបានបើកដំណើរការនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម៕ ដោយ៖ ជា សុខនី